កីឡា

Neymar នឹងខកខានការប្រកួត ជាមួយក្លឹបឥណ្ឌា Mumbai City ពាន AFC Champions League

កំពូលតារាបាល់ទាត់របស់ក្លឹប Al-Hilal កីឡាករ Neymar នឹង ខកខានការប្រកួត ជាមួយក្លឹបបាល់ទាត់ឥណ្ឌា Mumbai City FC ក្នុងពានរង្វាន់ AFC Champions League ដែលនឹងមកដល់ នាពេលខាងមុខនេះ។

Neymar បានរងរបួសសរសៃពួរជង្គង់ (ACL) អំឡុងពេលប្រកួតជម្រុះ FIFA World Cup 2026 រវាងប្រេស៊ីល ទល់នឹងអ៊ុយរូហ្គាយកាលពីពេលថ្មីៗនេះ។ តារាឆ្នើមរូបនេះ បានរងការវាយសម្រុក ដោយកីឡាករ Nicolas de la Cruz របស់អ៊ុយរូហ្គាយ ហើយក្រោយមកត្រូវបានរងរបួស ដោយត្រូវគេយកចេញ ពីទីលានដោយប្រើរទេះរុញ។ ក្រោយមក ការស្កែន MRI បានបញ្ជាក់ ពីភាពធ្ងន់ធ្ងរ នៃរបួសរបស់ Neymar ហើយខ្សែ ប្រយុទ្ធប្រេស៊ីល ពេលនេះនឹងត្រូវ ទទួលការវះកាត់ និងការព្យាបាល ដើម្បីអាចវិលមកលេង នៅលើទីលានវាលស្មៅឡើងវិញ។

ខណៈពេលដែលកាលបរិច្ឆេទ នៃការវះកាត់នៅតែមិនទាន់បានកំណត់ ប៉ុន្តែប្រាកដណាស់ថា Neymar នឹងខកខានការប្រកួត AFC Champions League ពូល D រវាង Al-Hilal ទល់នឹង Mumbai City FC របស់ឥណ្ឌា។ Al-Hilal នឹងត្រូវធ្វើដំណើរ ទៅប្រទេសឥណ្ឌា នៅថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ2023 ។ មកទល់ពេលនេះ Al-Hilal កំពុងឈរ នៅលើកំពូលតារាង ACL 2023-24 ពូល D ជាមួយនឹង ជ័យជម្នះមួយ និងស្មើមួយពីការប្រកួត ទាំងពីររបស់ពួកគេ ។ ទន្ទឹមនឹងនោះ Mumbai City FC កំពុងស្ថិតនៅបាតតារាង នៃក្រុមទាំងបួន បន្ទាប់ពីចាញ់ទាំងពីរប្រកួត ។ គួរឱ្យដឹងថា Neymar បានចាកចេញ ពីក្លឹបយក្សបារាំង PSG ទៅចូលរួមជាមួយក្លឹប អារ៉ាប៊ីសាអូឌីត Al-Hilal កាលពីដើមឆ្នាំ2023នេះ ៕

Most Popular

To Top