កីឡា

បើកការប្រកួត កីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត និងវគ្គបណ្តុះបណ្តាលសុខភាព សហគមន៍នៅខេត្តតាកែវ

ខេត្តតាកែវ៖ លោក ហឿង សុផុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ និងលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានអញ្ជើញគណៈអធិបតីក្នុងពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត និងវគ្គបណ្តុះបណ្តាលសុខភាពសហគមន៍ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នៅខេត្តតាកែវ ។

លោក ហឿង សុផុន បានមានប្រសាសន៍ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣ ក្នុងគោលបំណងគឺ ផ្តល់ឱកាសឲ្យក្រុមកីឡាករ-កីឡាការិនី ខ្សោយសតិបញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និងខេត្ត បានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ ពីគ្នាទៅវិញទៅមក លើកកម្ពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការការរើសអើងផ្សេងៗនៅក្នុងសង្គម។

លោកបានបន្តថា ការប្រកួតមិនមែនដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីរឹត ចំណាងមិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។ ជាពិសេស ការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាចុងខែតុលាខាងមុខផងដែរ។

លោកស្រី គា សុភូ ក៏បានមានប្រសាសន៍ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣មានប្រតិភូកីឡារបស់អនុកណកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តកណ្តាលចំនួន១០នាក់ មន្ត្រីសុខាភិបាលតាមស្រុកប្រតិបត្តិជុំវិញខេត្តតាកែវ ២៥ នាក់ ប្រតិភូកីឡារបស់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តតាកែវ ចំនួន ៤៥ នាក់ គណៈកម្មការបច្ចេកទេសចំនួន ២៥ នាក់ និងអណាព្យាបាល ចំនួន ១០ នាក់សរុបប្រតិភូកីឡា អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេស អាណាព្យាបាលចំនួន ១១៥ នាក់។

លោកបានបន្តថា ក្រៅពីនេះទៀតគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានសហការជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តតាកែវ បើកវគ្គបណ្តុះបណ្តាលសុខភាពសហគមន៍ ដល់មន្ត្រីសុខាភិបាលតាមស្រុកប្រតិបត្តិក្នុងគោលបំណងធំសំខាន់ដូចតដើម្បីឲ្យមានបណ្តាញ និងស្គាល់ពីសញ្ញាណសុខភាពជនបញ្ញាខ្សោយនៅតាមសហគមន៍ ការបង្កើនការហាត់ប្រាណ និងលេងកីឡានៅតាមសហគន៍ និងផ្តល់សកម្មភាពសុខភាព និងបង្ការជាបន្តដល់កីឡាករ កីឡាការិនី ខ្សោយសតិបញ្ញាក្នុងផ្នែកកាយសម្បទា ការញាំទឹក និងអនាម័យអាហារូបត្ថម្ភ និងបង្ការពីមេរោគផ្សេងៗ។

ជំរុញឲ្យមន្ត្រីមន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាល ត្រូវបន្តពង្រីក និងផ្សព្វផ្សាយបន្តដល់មន្ត្រីពាក់ព័ន្ធនិងគ្រួសារផ្សេងៗទៀត នៅក្នុងសហគមន៍របស់ពួកគេឱ្យយល់កាន់តែច្បាស់អំពីបញ្ញាសុខ ភាពនៃការរស់នៅប្រចាំថ្ងៃរបស់កីឡាករ កីឡាការិនី បញ្ញាខ្សោយ សំដៅឈានទៅរស់នៅប្រកដដោយសុខុដុមរមនាជៀសផុតពីជម្ងឺតម្កាត់ផ្សេងៗ៕ ដោយ៖លី ភីលីព

Most Popular

To Top