ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បានជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman រជ្ជទាយាទ និងនាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃច័ន្ទកន្លងទៅ អំឡុងពេលដែលប្រទេសនេះបានសម្ពោធព្រឹត្តិការណ៍កីឡាអេឡិចត្រូនិច Esports World Cup។
Esports World Cup នឹងប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ នៅរាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីឆ្នាំ២០២៤។ ប្រទេសមជ្ឈិមបូព៌ាមួយនេះបានវិនិយោគប្រមាណ ៣៧,៧ប៊ីលានដុល្លារអាមេរិកលើព្រឹត្តិការណ៍នេះ។
បន្ទាប់ពីជំនួបជាមួយមេដឹកនាំប្រទេសអារ៉ាបនេះ Ronaldo បានបង្ហោះលើ Twitter របស់ខ្លួនថា៖ «ជាកិត្តិយសមួយក្នុងការជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ម្ដងទៀត ហើយសប្បាយចិត្តណាស់ដែលបានចូលរួមក្នុងនាមជាវាគ្មិនមួយរូប ដើម្បីពិភាក្សាពីអនាគតនៃកីឡា esports និងសម្ពោធព្រឹត្តិការណ៍ Esports World Cup ជាលើកទីមួយ ដែលនឹងប្រព្រឹត្តិទៅនៅអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីឆ្នាំក្រោយនេះ»។
សូមជម្រាបផងដែរថា Ronaldo បានមកលេងបាល់នៅស្រុកអារ៉ាប ជាងមួយឆ្នាំហើយ ក្រោយចាកចេញពី Manchester United កាលពីឆ្នាំ២០២២កន្លងទៅ ៕