ភ្នំពេញ ៖ លោកបណ្ឌិត ស៊ាន បូរ៉ាត ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិលើកទី១ ឆ្នាំ២០២៣ របស់សហព័ន្ធកីឡាបាល់បោះកម្ពុជា សាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាដើម្បីធ្វើឲ្យវិស័យកីឡាបាល់បោះ បន្តសកម្មភាពដោយរលូន និង ទទួលបានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ជាពិសេសចំពោះលទ្ធផលដ៏ល្អបំផុត ចំពោះការប្រកួតកីឡា SEA GAME ឆ្នាំ២០២៣ ដែលយើងធ្វើជាម្ចាស់ផ្ទះ ។

លោកបណ្ឌិត ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា ខ្ញុំសូមកោតសសើរ ចំពោះការសាមគ្គីល្អ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាង សមាជិកគណៈកម្មាធិការ ប្រតិបត្តិ និងលេខាធិការដ្ឋាន ក៏ដូចជាមន្ត្រីបច្ចេកទេសសហព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើឲ្យវិស័យកីឡាបាល់បោះបន្តសកម្មភាព ដោយរលូន និងទទួលបានការអភិវឌ្ឍ គួរឲ្យកត់សម្គាល់ ជាពិសេស ចំពោះលទ្ធផលដ៏ល្អបំផុតចំពោះការប្រកួតកីឡា SEA GAME ឆ្នាំ២០២៣ ដែលយើង ធ្វើជាម្ចាស់ផ្ទះ ។

លោកបានបន្តថា កិច្ចប្រជុំនៅថ្ងៃនេះផ្តល់ជាវេទិការ ដ៏សំខាន់សម្រាប់សហព័ន្ធរបស់យើង បានផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នា បានជួបជុំគ្នារឹតបន្តឹង ចំណងសាមគ្គីភាពផ្ទៃ ក្នុងរបស់សហព័ន្ធ ជ្រួតជ្រាបអំពីសកម្មភាព សហព័ន្ធ និង ពិភាក្សាចូលរួមយោបល់ ក្នុងបុព្វហេតុជំរុញ ការអភិវឌ្ឍវិស័យ កីឡាបាល់បោះនៅកម្ពុជា យើងឲ្យកាន់តែខ្លាំងក្លាទៅមុខថែមទៀត ។ សហព័ន្ធកីឡាបាល់បោះកម្ពុជា មានបេសកកម្មដឹកនាំ គ្រប់គ្រង និងធ្វើសកម្មភាពអភិវឌ្ឍកីឡាបាល់បោះនៅទូទាំងកម្ពុជា លើសពីនេះផ្សព្វផ្សាយយ៉ាង ទូលំទូលាយព័ត៌មានកីឡាបាល់បោះ និងលើកទឹកចិត្តការអនុវត្តច្បាប់ បទបញ្ជាបច្ចេកទេស ប្រកួតកីឡាបាល់បោះ ពីកម្រិតមូលដ្ឋាន ដល់កម្រិតខ្ពស់ ដោយអនុលោមតាមគោលការណ៍ របស់កីឡាបាល់បោះ អន្តរជាតិក្នុងការអភិវឌ្ឍ កីឡាបាល់បោះ អនុវត្ត ។

សហព័ន្ធបានកំណត់គោលដៅ និងដាក់ចេញផែនការសកម្មភាព ច្បាស់លាស់សម្រាប់ក្នុងរយៈកាលកន្លងមក សកម្មភាពកីឡាបាល់បោះ បានដំណើរការដោយរលូន ទាំងការពង្រីកតំបន់គោល ដៅ ការអភិវឌ្ឍសកម្មភាពគ្រប់ប្រភេទ និងទទួលបានការចាប់អារម្មពីមជ្ឈដ្ឋាននានា ពិសេសពីស្រទាប់យុវជន និងមហាជន ព្រមទាំងពីវិស័យឯកជនផងដែរ ។ ដើម្បីទទួលបានជោគជ័យ សហព័ន្ធកីឡាបាល់បោះកម្ពុជា បានរៀបចំផែនការយុទ្ធសាស្ត្រ របស់ខ្លួនដោយបោះជំហានយ៉ាងរឹង មាំនិងស្វាហាប់ និង ពង្រឹងសកម្មភាព ហ្វឹកហ្វាត់របស់កីឡាករជម្រើសជាតិ ដើម្បីតម្រង់ទិស និងជំរុញសិទ្ធផល ឈានទៅតណ្ដើមយកមេដាយ ពីការប្រកួតនានា ៕
ដោយ៖លី ភីលីព

