ខេត្តកំពត៖ ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃនៃការរៀបចំព្រឹត្តិការណ៍ការប្រណាំងកង់ និងរត់ពាក់កណ្តាលម៉ារ៉ាតុងប្រចាំឆ្នាំ លើកទី៨ នៅលើភ្នំបូកគោ ដើម្បីជួយដល់មន្ទីរពេទ្យកុមារគន្ធ បុប្ផា ដែលកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ក្រោមគំនិត ផ្តួចផ្តើមដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា សុខ គង់ ប្រធាន ក្រុមហ៊ុន សុខា អូតែល ដែលលោកតែងគិតគូរ និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការមនុស្សធម៌ និងសង្គម ការរត់ឆ្នាំនេះមានកីឡាករចំនួនការប្រណាំងកង់ និងរត់ពាក់កណ្តាលម៉ារ៉ាតុង ជិត ១០០០នាក់ ក្រោមការសហការជាមួយសហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្ត។
ព្រឹត្តិការណ៍ការនេះមានអ្នកស្នេហាកីឡាចូលរួមសរុបចំនួន ៨៩៧ នាក់ ក្នុងនោះអ្នកចូលរួមរត់ប្រណាំងចំនួន៧៣៥ នាក់ និង អ្នកចូលរួមប្រណាំងកង់ចំនួន ១៦២នាក់។ ក្រៅពីជនជាតិខ្មែរយើង មានទាំងក្មេងចាស់ប្រុសស្រី និងជនបរទេស ចូលរូមយ៉ាងច្រើនផងដែរ ញ៉ាំងកម្មវិធីប្រព្រឹត្តទៅដោយរលូន ប្រកបដោយបរិយាកាសសប្បាយរីករាយ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយសណ្ឋាគារ ឋានសួគ៌ សុខា ដែលនេះជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ។ ទឹកប្រាក់ដែលទទួលបានពីព្រឹត្តិការណ៍នេះ នឹងត្រូវបរិច្ចាគជូនទៅមន្ទីរពេទ្យកុំមារគន្ធបុប្ផា។
នារាត្រីថ្ងៃទី២៨ នៃកម្មវិធីប្រណាំងកង់ ក៏មានកម្មវិធីកម្សាន្ត ដូចជា៖ ការប្រគំតន្រ្តីផ្ទាល់ ស្តង់លក់អាហារ និងភេសជ្ជៈនៅបរិវេណខាងក្រៅសណ្ឋាគារក្រោមរាត្រីដ៏សែនមនោរម្យនិងសម្រាប់អ្នកចូលរួមដែលត្រៀមរត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុងនៅព្រឹកថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៣ផងដែរ។ ការរត់ពាក់កណ្តាលម៉ារ៉ាតុងរួមមានចម្ងាយ ២១គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ៥ គីឡូម៉ែត្រ និងការរត់បែបកម្សាន្ត៣ គីឡូម៉ែត្រ ព្រមទាំង ការប្រណាំងកង់ ៣២ គីឡូម៉ែត្រ ដែលជាឱកាសដ៏ល្អឥតខ្ចោះ ដើម្បីបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នក។
ការចូលរួមក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែ ផ្តល់នូវភាពសប្បាយរីករាយ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យថែមទៀតផង។
លោក នេត ពិសិដ្ឋ អ្នកចូលរួមរត់ និងមន្រ្តីធនាគារអេស៊ីលីដាបាននិយាយថា លោក និងមន្រី្តរបស់លោក ជាង១០០នាក់បានចូលរួមរត់រត់ពាក់កណ្តាលម៉ារ៉ាតុងប្រចាំឆ្នាំ លើកទី៨ នៅលើភ្នំបូកគោ ដើម្បីជួយដល់មន្ទីរពេទ្យកុមារគន្ធ បុប្ផា ដែលកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំនេះដើម្បីរួមចំណែកសប្បុរសធម៌ ជាពិសេសមន្ទីរពេទ្យកុមារគន្ធ បុប្ផា តែម្តង។
ភ្ញៀវចូលរួមអាចជ្រើសរើសក្នុងការស្នាក់នៅសណ្ឋាគារប្រណីត ឋានសួគ៌ សុខា ឬសណ្ឋាគារ ឡឺ បូកគោ ផាឡេស ជាមួយនឹងការផ្តល់ជូនតម្លៃពិសេស ឬទទួលយកបទពិសោធន៍ពីការបោះតង់ផងដែរ។ កម្មវិធីនេះ នឹងប្រារព្ធឡើងនៅលើភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល និងតំបន់ទេសចរជាច្រើន ដែលអ្នកចូលរួមអាចស្វែងយល់ និងកម្សាន្តជាមួយនឹងការផ្សងព្រេងផ្សេងៗ៕ ដោយ៖លី ភីលីព






