កីឡា

លោក បណ្ឌិត មាស សារិន ៖ មេដាយមាសជាកិត្តិយស ដ៏ធំធេង របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រុមកីឡាករទូកនាគកម្ពុជា ម្ចាស់មេដាយមាសលើវិញ្ញាសា៣០០ ម៉ែត្រ នៃព្រឹត្តិការណ៍ការប្រកួតកីឡា ទូកនាគអន្តរជាតិលើកទី៩ ឆ្នាំ២០២៣ “ 9th Sarawak Informational Dragon boat Regatta 2023 “នៅប្រទេសម៉ាឡេស៊ី កាលយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ បានវិលត្រឡប់កម្ពុជា វិញហើយ ព្រមទាំងនាំយកកិត្តិយស ដ៏ធំធេងជូនប្រទេសជាតិទៀតផង ។

ក្នុងឱកាសទទួល ស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និង ជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា និងលោក បណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រយ៍សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាជាប្រធានគណៈប្រតិភូ ប្រតិភូ ២រូប គ្រូបង្វឹក ៣រូប កីឡាករ ១៤ រូបលើវិញ្ញាសា ៣០០ម៉ែត្រ បុរស ១២នាក់ ។

លោក បណ្ឌិត មាស សារិន មានប្រសាសាន៍ថា នេះជាការប្រកួតលើកទី៩ ហើយ ចំណែកក្រុមកីឡាករទូកនាគកម្ពុជា ទើបតែចូលរួមលើកដំបូង ក៏ដណ្តើមមេដាយមាសតែម្តង ហើយក៏ជាកិត្តិយសដ៏ធំធេងរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងប្រទេសកម្ពុជា។ សព្វថ្ងៃវិស័យកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាមានការរីកចម្រើនខ្លាំង បន្ទាប់ពីក្រុមកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។

លោក គង់ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៊ីងកម្ពុជាបានប្រាប់ឲ្យដឹងពីប្រទេសម៉ាឡេស៊ីថា ក្រុមកីឡាករទូកយើងដណ្តើម បានមេដាយមាស ការប្រកួតកីឡាទូកនាគអន្តរជាតិលើកទី៩ ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ី។ ចំពោះវិញ្ញសារ ៣០០ មែត្រ ចំណុះ ១២នាក់ បុរសនេះរួមមានវគ្គពាក់កណ្តាលផ្តាច់ព័្រត្រក្រុមទូកនាគកម្ពុជា ចំណាត់ថ្នាក់លេខ ១ ហើយវគ្គផ្តាច់ព័្រត្រក្រុមទូកនាគកម្ពុជា ចំណាត់ថ្នាក់លេខ១ទៀត។
លោកបានបន្តថា ការប្រកួតឆ្នាំនេះមានប្រទេសចំនួន ១៨ ប្រទេសរួមមានប្រទេសមីយ៉ាន់ម៉ា ប្រទេសកម្ពុជា ប្រទេសកាតា ប្រទេសអេស្ប៉ាញ ប្រទេសអៀរឡង់ ប្រទេសហ្វីលីពីន ប្រទេសជប៉ុន ហុងកុង ប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ប្រទេសថៃ ប្រទេសប៊្រីនី តៃវ៉ាន់ ចក្រភពអង់គ្លេស ប្រទេសរុស្ស៊ី និងម្ចាស់ផ្ទះប្រទេសម៉ាឡេស៊ី ។

លោក គង់ សុភាពបានបន្ថែមទៀតថា ការប្រកួតនេះមានរហូតទៅដល់ ៧ វិញ្ញាសាឯណោះ ចំណែកក្រុមកីឡាករទូកនាគកម្ពុជាយើងចូលរួមតែវិញ្ញាសា ៣០០ ម៉ែត្រ ៕
ដោយ៖លី ភីលីព

Most Popular

To Top