ភ្នំពេញ ៖សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបង្ហាញវត្តមានកីឡាករ-កីឡាការិនីវាយកូនបាល់ ២ រូបឆ្នើមកូនខ្មែរ-បារាំងជាផ្លូវការដើម្បីត្រៀមខ្លួនក្នុងការអ្នកទំាង ២ រូបចូលរួមក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAME 2025 នៅប្រទេសថៃ នាពេលខាងមុខនេះ ក្នុងការប្រកួតប្រជែងដណ្តើមមេដាយជូនប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់ការប្រកួតជើងឯកអាស៊ី ឆ្នាំ ២០២៣ “Inaugural Asian Junior Championship 2023” កន្លង់មកនៅកម្ពុជា។
លោក ជា ពៅ អគ្គលេខធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា កីឡាករ-កីឡាការិនីវាយកូនបាល់ ២ រូបឆ្នើមកូនខ្មែរ-បារាំងបានមកហ្វឹកហាត់នៅកម្ពុជាមួយរយៈពេលវែងទំាងនៅទីលានហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ។ ឥឡូវអ្នកទំាង២ រូបបានត្រឡប់ទៅវិញដើម្បីចូលរួមការប្រកួតកីឡា វាយកូនបាល់កម្រិតអន្តរជាតិ នៅប្រទេសជប៉ុន និងអេស្ប៉ាញហើយ។
លោកអគ្គលេខធិការរងបានបន្តថា កីឡាករ-កីឡាការិនីវាយកូនបាល់ ២ រូបឆ្នើមកូនខ្មែរ-បារាំងនេះជាបងប្អូនបង្កើត ក្នុងនោះកីឡាការិនីវាយកូនបាល់មានឈ្មោះ Phanthala Margot Laetitia និងកីឡាករ Phanthala Lucas Arthur ហើយកីឡាករ-កីឡាការិនីវាយកូនបាល់ ២ រូបស្ថិតនៅចំណាត់ថ្នាក់ល្អ ក្នុងចំណាត់ថ្នាក់កីឡាវាយកូនពិភពលោក។
លោក ជា ពៅបានបន្ថែមថា រូបលោកមានសង្ឃឹមចំពោះកីឡាករ-កីឡាការិនីវាយកូនបាល់ ២ រូបអាចទទួលបានលទ្ធផលល្អសម្រាប់ព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAME 2025 នៅប្រទេសថៃ ជាពិសេសកីឡាការិនីវាយកូនបាល់ Phanthala Margot Laetitia តែម្តង។
ចំណែកមេដាយវិញ រូបលោកមិនអាចកំណត់ថា កីឡាការិនីដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធបានឡើយ។ ការប្រកួតមានសារសំខាន់សម្រាប់ការរីកចម្រើន នៃកីឡាវាយកូនបាល់ ការកំណត់អត្តសញ្ញាណទេពកោសល្យរបស់កីឡាការិនីទៀងផង៕ ដោយ៖លី ភីលីព




