ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ប្រកាសរៀបចំការប្រកួតកីឡាវាយកូនបាល់ រំលឹកខួបលោក ទេព ឃុណាលើទី២៨ ឆ្នាំ២០២៣ “28th Annual Tep Kunnah Memorial Cup 2023” ដែលជាអតីតកីឡាករវាយកូនបាល់លំដាប់លេខ១ ក្នុងទសវត្សរ៍ទី៦០ នៅទីលានកីឡាវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ប្រព្រឹត្តចាប់ពីថ្ងៃទី១៨ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ជា ពៅ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បាននិយាយថា ការប្រកួតកីឡារំលឹកខួបលើកទី២៨នេះ ជាគំនិតផ្តួចផ្តើមដោយលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធរៀបចំឡើងដើម្បីរំលឹក និងឧទ្ទិសដល់លោកឳពុក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់ ឆ្នើមរបស់កម្ពុជា ដែលបានទទួលមរណៈភាព ប្រមាណជាង២០ឆ្នាំកន្លងទៅ ។

អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា ការប្រកួតនេះដំណើរការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ នឹងបញ្ចប់នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយធ្វើការប្រកួតប្រជែងលើ ២ វិញ្ញាសា គឺប្រកួតឯកក្តជន និងវិញ្ញសាប្រកួតវាយគូរ ។ ការប្រកួតឆ្នាំនេះសហព័ន្ធផ្តោតសំខាន់ទៅលើកីឡាករ-កីឡាការិនីវាយកូនបាល់វ័យក្មេងរួមមានកីឡាករ-កីឡាការិនីវាយកូនបាល់វ័យក្មេងអាយុក្រោម ១០ ឆ្នាំ ក្រោម ១២ ឆ្នាំ ក្រោម ១៤ ឆ្នាំ និងក្រោម ១៨ ឆ្នាំ ។

គួររំលឹកថា ពានរង្វាន់ TEP KHUNNH MEMMORIAL CUP បានរៀបចំធ្វើឡើង ជាង២០ឆ្នាំកន្លងមកហើយ ជាការរំលឹកឧទ្ទិសដល់ អតីតកីឡាករ វាយកូនបាល់ល្បីឈ្មោះ លំដាប់លេខ១ របស់កម្ពុជាក្នុងទសវត្សរ៍ទី៦០ លោក ទេព ឃុនណា ត្រូវជាឳពុកបង្កើត លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់បច្ចុប្បន្ន ៕
ដោយ៖លី ភីលីព
