កីឡា

លោក ដួង មាសចំរើន ៖នេះជាសមិទ្ធិផលថ្មីមួយទៀតរបស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា លើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយប្រសិទ្ធិភាព

ភ្នំពេញ៖ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាស្តីទី និង សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួត និងចៅក្រមកម្រិតមូលដ្ឋានកីឡាឡើងឆ្នាំ២០២៣ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។

លោក ម៉ម សុថារិន្ទ ប្រធានសហព័ន្ធកីឡាឡើងកម្ពុជាបានមានប្រសាសន៍ថា វគ្គនេះមានសិក្ខាកាមចូលរួមសរុប ២៥ នាក់ ស្រី៦នាក់ មកពីក្លិបខេត្តកំពត ក្លិប Power Up និងរាធានីភ្នំពេញ។ ចំពោះការបង្រៀនមានផ្នែកទ្រឹស្តីធ្វើនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា និងការអនុវត្ត ធ្វើនៅភ្នំក្លិប Power Up និងបានធ្វើការប្រឡងដើម្បីវាយតម្លៃបញ្ចប់វគ្គ។ វគ្គដោយបានប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួង អប់រំ យុវជន និងកីឡា រៀបចំដោយសហព័ន្ធកីឡាឡើងកម្ពុជា។

លោកប្រធានបន្តថា ជាថ្មីម្តងទៀត តាំងនាមឲ្យគណៈគ្រប់គ្រងវគ្គ សូមថ្លែងអំណរគុណយ៉ាជ្រាលជ្រៅជាទីបំផុតចំពោះក្រសួងអប់រំ យុវជន និងកីឡា តែងតែយកចិត្តទុកដាក់គាំទ្រឧបត្ថម្ភដល់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា ឱ្យមានការប្រែប្រួល និងរីក ចម្រើនជាបន្តបន្ទាប់។ លោកគ្រូឧទ្ទេស សិក្ខាកាមទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ព្យាយាម អតធ្មត់ ធ្វើឲ្យដំណើការដោយរលូនតាំងពីដើមរហូតដល់ចប់ទទួលបានជោគជ័យនាពេលនេះ។

លោក ដួង មាសចំរើន ក៏បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួត និងចៅក្រមកម្រិតមូលដ្ឋានកីឡាឡើងភ្នំ នាពេលនេះជាសមិទ្ធិផលថ្មីមួយទៀតរបស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា លើការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព។ កីឡាឡើងភ្នំជាប្រភេទកីឡាអូឡាំពិកមានការលេងនៅក្នុងសាល(ភ្នំសិប្បនិម្មិត) និងភ្នំធម្មជាតិ មានការពេញនិយមនៅបរទេស ទាំងនៅអាស៊ី និងនៅអឺរ៉ុប។ ដើម្បីចូលរួមសកម្មភាពនៅក្នុងតំបន់ និង នៅលើពិភពលោក សហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានខិតខំជំរុញ បំផុសឲ្យប្រជាជនកម្ពុជាបានស្គាល់ បានដឹង និង ចេះលេងកីឡាមួយនេះ ព្រោះប្រទេសកម្ពុជាយើងជាប្រទេសមួយសំបូរទៅដោយភ្នំធម្មជាតិមានលក្ខណៈល្អសម្រាប់ បម្រើឱ្យវិស័យកីឡាឡើងភ្នំធម្មជាតិ ដូចជាភ្នំកំពង់ត្រាច ខេត្តកំពត។

លោកអគ្គនាយករងបានបន្តថា កីឡាឡើងភ្នំក៏ជាប្រភេទកីឡាទេសចរណ៍និង សុខភាព ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាំចំណូលដល់ប្រជាជន បង្កើនសេដ្ឋកិច្ចជាតិផងដែរ។ ដោយអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅរបស់ ក្រសួងអប់រំ យុវជន និងកីឡា លើអនុវិស័យអប់រំកាយ និងកីឡា ក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះការរៀបចំ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

កន្លងមកបានបង្ហាញឲ្យឃើញថា គ្រប់សហព័ន្ធ កីឡាជាតិមានការរីកចម្រើន ទាំងការងាររដ្ឋបាល ការងារបណ្តុះបណ្តាល ការងាររៀបចំការប្រកួត ដែលឈានទៅធ្វើ ឱ្យការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កន្លងទៅថ្មីៗនេះ ទទួលបានលទ្ធផលល្អប្រសើរ ទាំងការរៀបចំ ការ បដិសណ្ឋាកិច្ច ការដឹកជញ្ជូន ថ្នាក់នៅ ហូបចុក និងទទួលបានមេដាយចំណាត់ថ្នាក់ទី៤ ជាទីមោទនភាពជាតិ ហើយក៏ទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ៕ ដោយ៖លី ភីលីព

Most Popular

To Top