ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រុមហ៊ុន Phoenix Voyages រៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំកណ្តាលប្រាសាទអង្គរ ក្រោមកិច្ចសហការជាមួយរដ្ឋបាល ខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ។

នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្តី្រ ថោង ខុន ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក Edouard George ប្រធានគណៈកម្មការរៀបចំរត់ប្រណាំង ចម្ងាយឆ្ងាយ Ultra-Trail Angkor អន្តរជាតិបានអញ្ជើញចូលរួមសន្តិសីទសារព័ត៌មាន ស្តីពីទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ លើកទី៧ ឆ្នាំ២០២៤ “7th Ultra-Trail Angkor 2024” ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ – សៀមរាប-អង្គរ ។

លោកទេសរដ្ឋមន្តី្រ ថោង ខុន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំកណ្តាលប្រាសាទអង្គរ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា។ ព្រឹត្តិការណ៍ Ultra-Trail Angkor លើកទី៦ នាពេលនេះមានអ្នកចូលរួមរត់សរុប ១២០០០ នាក់មក ចំណែកកម្ពុជា ២២៨នាក់ មកពី ៤៤ប្រទេស ក្នុងនោះ ៤០ភាគរយជាស្ត្រី ចំពោះអ្នកចូលរួមភាគច្រើនមកពីបារាំងកម្ពុជា និងវៀតណាម។

លោក Edouard George បាននិយាយថា គណៈកម្មការរៀបចំរត់ប្រណាំងចម្ងាយឆ្ងាយ នៅតែបន្តទទួលការចុះឈ្មោះ Ultra-Trail Angkor លើកទី៧ ឆ្នាំ២០២៤រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ហើយលោកមានរំពឹងថា នឹងមានអ្នកចូលរួម សរុបប្រមាណ ១៥០០នាក់-២០០០នាក់ ។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ Ultra-Trail Angkor ធ្វើឡើងក្នុងគោលបំណងជំរុញ និងបង្កើនការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ ជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ ។

ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៧មានវិញ្ញាសារត់ប្រណាំងចំនួន ៨ រួមមាន ១០០ គីឡូម៉ែត្រ ៦៤ គីឡូម៉ែត្រ ៤២ គីឡូម៉ែត្រ ៣២ គីឡូម៉ែត្រ ១៨ គីឡូម៉ែត្រមាន ៣ ប្រភេទ និង ៨ គីឡូម៉ែត្រ ៕

