ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីប៉ូល និងប៉េតង់កងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិនៅតែរក្សាឥទ្ធិពលរបស់ខ្លួនលើប្រភេទកីឡាមួយនេះដដែល ដោយគ្មានក្រុមប៉ូល និងប៉េតង់ខេត្ត និងក្រសួងដទៃអាចដណ្តើមតំណែងជើងឯកប្រចាំឆ្នាំ បន្ទាប់ពីក្រុមកីឡាប៉ូល និងប៉េតង់ក្រសួងការពារជាតិដណ្តើមមេដាយមាសចំនួន ៣ គ្រឿងក្នុងចំណោម ៦វិញ្ញាសា។
លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោកឧត្តមសេនីយឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិក និងលោកឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទបានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីលានប៉េតង់ ពហុកីឡដ្ឋានជាតិ។
ក្រោយពីការប្រកួតយ៉ាងស្វិតស្វាងអស់រយៈពេលជាច្រើនថ្ងៃមក គណៈកម្មការបានរកឃើញកីឡាករ-កីឡាការិនីប៉ូល និងប៉េតង់ជើងខ្លាំងប្រចាំ និងក្រុមកីឡាករ-កីឡាការិនីប៉ូល និងប៉េតង់គ្រងតំណែងជើងឯក ក្នុងនោះ គឺក្រុមកីឡាករ-កីឡាការិនីប៉ូល និងប៉េតង់កងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិគ្រងតំណែងជើងឯក ដណ្តើមបានមេដាយមាស ៣ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីប៉ូល និងប៉េតង់ អយក ខេត្តបាត់ដំបងគ្រងតំណែងជើងឯករងដណ្តើមបានមេដាយមាស ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង។
ចំណែកក្រុមកីឡាករ-កីឡាការិនីប៉ូល និងប៉េតង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈរលេខ ៣ ដណ្តើមបានមេដាយមាស ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនីប៉ូល និងប៉េតង់សន្តិភាពដណ្តើមបានមេដាយមាស ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនីប៉ូល និងប៉េតង់ក្រសួងមហាផ្ទៃដណ្តើមបានមេដាយប្រាក់ ២ គ្រឿង ៕ ដោយ៖លី ភីលីព




