ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងលោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣អញ្ជើញចូលរួមបិទការប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ ឆ្នាំ២០២៣ ដែលជាថ្ងៃដំបូងការប្រកួត ហើយការប្រកួ តរៀបចំឡើងដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា រូបលោកស្មារតីកីឡា គឺជាការតស៊ូ ព្យាយាម ដើម្បីយកជ័យជម្នះ តែរក្សាបាននូវសាមគ្គីភាព ភាតរភាព និងមិត្តភាព ក្នុងសន្តិភាព។ ពិតណាស់ នៅលើសង្វៀនប្រកួតយើងជាគូបដិបក្ខ តែនៅពេលចប់ការប្រកួត គឺយើងជាមិត្តភក្តិគ្នា។ មិនថាកីឡាតេក្វាន់-ដូ កើតឡើងនៅទីណា ឬពេលណានោះទេ ខ្ញុំចូលរួមដោយមនោសញ្ចេតនាជាមួយប្អូនៗកីឡាករ កីឡាការិនីចំពោះទឹកចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងស្វាហាប់។
លោករដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈថា ស្ថិតក្នុងស្មារតីខាងលើនេះហើយ ទើបការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកពានរង្វាន់លោ ហ៊ុន ម៉ានី ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង។ ការប្រកួតនៅពេលនេះ ជាការរួមចំណែកដល់ការផ្តល់ឱកាសសាកល្បងសមត្ថភាព ដកស្រង់បទពិសោធន៍របស់ប្អូនៗជាកីឡាករ ដើម្បីដុសខាត់ សម្រួចចំណេះ ជំនាញក្បាច់គុនរបស់ខ្លួន ដើម្បីឈានទៅអាចដណ្តើមជ័យជម្នះលើឆាកជាតិ និងអន្តរជាតិនានាបន្តថែមទៀត។
ខ្ញុំសូមចូលរួមអបអរសាទរដល់ជ័យលាភី ជើងឯកគ្រប់វិញ្ញាសារទាំងអស់បានខិតខំប្រឹងប្រែង យ៉ាងស្វិតស្វាញរហូតទទួលបានជ័យជម្នះ និងសូមខ្ញុំសូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡា តេក្វាន់-ដូ ITF កម្ពុជា អាជ្ញាកណ្តាល គ្រូបង្វឹក ក្រុមការងាររៀបចំ និងដៃគូសហការទាំងអស់ដែលបានរៀបចំឱ្យមានការប្រកួតនេះឡើង។ ដោយឡែក ខ្ញុំសូមថ្លែងអំណរគុណដល់អាណាព្យាបាល ក្រុមគ្រួសារ និងអ្នកគាំទ្រទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីប្រកបដោយភាពក្លៀវក្លា ដែលបានញ៉ាំងឱ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ អធិកអធម។
លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានមានប្រសាសន៍ថា ការប្រកួតនេះនឹងត្រូវបានចែកចេញជា២វ័យ គឺយុវជនអាយុ១៣ឆ្នាំដល់១៨ឆ្នាំ និងពេញវ័យ ដោយមាន២៩វិញ្ញាសា។ សម្រាប់យុវជន មានវិញ្ញាសាមេគុនឯកត្តជន (២វិញ្ញាសា) ប្រយុទ្ធបុរស-នារី ៦ប្រភេទទម្ងន់។
សម្រាប់កីឡាករ កីឡាការិនីពេញវ័យចាប់ពីអាយុ ១៨ ឆ្នាំឡើងលើ មានមេគុនសម្រាប់ក្លឹប ៤វិញ្ញាសាលើកម្រិតខ្សែក្រវាត់ឯកត្តជនបុរស-នារី, មេគុនសម្រាប់ក្រុមជម្រើសជាតិ មាន៤វិញ្ញាសា ក្នុងកម្រិតខ្សែក្រវាត់ឯកត្តជនបុរស-នារី, វិញ្ញាសាប្រយុទ្ធសម្រាប់ក្លឹប មាន៨វិញ្ញាសា សម្រាប់បុរស-នារី និងវិញ្ញាប្រយុទ្ធសម្រាប់ជម្រើសជាតិ បុរស-នារី មាន ៥ វិញ្ញាសា។
ក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ៦ គ្រឿង ប្រាក់ ៧ គ្រឿង និងសំរិទ្ធ ៩ គ្រឿង ក្លិបកីឡាតេក្វាន់ដូ ITF ក្តីចាស់ ដណ្តើមបានមេដាយមាស ៦ គ្រឿង ប្រាក់ ៤ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ក្លិបកីឡាតេក្វាន់ដូ ITF ស.ស.យ.កខេត្តកំពង់ស្ពឺ ដណ្តើមបានមេដាយមាស ៥ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ៧ គ្រឿង និងក្លិបកីឡាតេក្វាន់ដូ ITF ខេត្តកោះកុងដណ្តើមបានមេដាយមាស ៤ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ៣ គ្រឿង។
ក្លិបកីឡាតេក្វាន់ដូ ITF សាលាអន្តរជាតិ អេផល ដណ្តើមបានមេដាយមាស ៤ គ្រឿង និងសំរិទ្ធ ៤ គ្រឿង ក្លិបកីឡាតេក្វាន់ដូ ITF សេរីភាព ដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ក្លិបកីឡាតេក្វាន់ដូ ITF ខេត្តស្ទឹងត្រែង ដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ២ គ្រឿង និងក្លិបកីឡាតេក្វាន់ដូ ITF វិទ្យាល័យជា ស៊ីម ព្រែកអញ្ចាញ ដណ្តើមបានមេដាយមាស ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង៕ ដោយ៖លី ភីលីព