កីឡា

ក្រុមអត្តពលិកហែលទឹក វ័យក្មេង៨នាក់ ចេញហ្វឹកហាត់បង្កើនសមត្ថភាពរយៈពេល ២ខែនៅចិន

ភ្នំពេញ៖ កាលពីថ្មីៗ នេះសហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជូនក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡាហែលទឹកចំនួន ១០ រូបធ្វើហ្វឹកហាត់បង្កើនសមត្ថភាពបច្ចេកទេសរយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិនដើម្បីត្រៀមចូលព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣៣ ឆ្នាំ២០២៥ (33rd SEA Games 2025) នៅប្រទេសថៃ និងត្រៀមលក្ខណៈសម្បត្តិធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ ២០២៩ នាពេលខាងមុខ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ក្រុមកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេងចំនួន ៨ រូបនេះធ្វើដំណ្តើរហ្វឹកហ្វឺនបង្កើនសមត្ថភាពបច្ចេកទេសរយៈពេលវែងនៅប្រទេសចិន គឺរយៈពេល ២ ខែចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ដល់ថ្ងៃទីចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ទើបត្រឡប់មកវិញ។ ក្រុមកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេងមានអាយុក្រោម ១២ និង១៣ ឆ្នាំដែលជាផែនការវែងឆ្ងាយដើម្បីត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ ២០២៩ នាពេលខាងមុខដែលធ្វើជាម្ចាស់ផ្ទះ។

លោកអគ្គលេខាធិការបានបន្តថា ដោយទទួលបានការអនុញ្ញាតលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក រួមជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអនុញ្ញាតចាត់បញ្ជូនក្រុមជម្រើសជាតិកម្ពុជាគ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីហែលទឹក សរុប១០នាក់ក្នុងនោះ គ្រូបង្វឹក ២រូប កីឡាការិនី ២រូប និងកីឡាករ ៦រូប ទៅចូលរួមកម្មវិធីហាត់ហ្វឹកហ្វឺនបង្កើនសមត្ថភាព។

លោកបានបន្ថែមទៀតថា ក្រុមកីឡាករ-កីឡាការិនីហែលទឹកទំាងនេះធ្វើការហ្វឹកហាត់នៅទីតាំងដែល ក្រុមកីឡាករ-កីឡាការិនីហែលទឹកឈុតធំហ្វឹកហាត់ ដូច្នេះការហ្វឹកហាត់បង្កើនសមត្ថភាពបច្ចេកទេសដើម្បីត្រៀមចូលការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣៣ ឆ្នាំ២០២៥ (33rd SEA Games 2025) នៅប្រទេសថៃ និងត្រៀមខ្លួនចូលរួមការប្រកួតអន្តជាតិជាច្រើនទៀត ៕ ដោយ៖លី ភីលីព

Most Popular

To Top