កីឡា

លោក អ៊ូ រតនា ៖ ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាយ ១២ គ្រឿង ការប្រកួតជើងឯកពិភពលោក នៅវៀតណាម

ភ្នំពេញ ៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា បានមានប្រសាសន៍តាមអនឡាញថា ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា គិតមកដល់ពេលនេះ ដណ្តើមបានមេដាយសរុបចំនួន ១២គ្រឿងនៃ ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោកនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២២ ខែវិច្ឆិការរហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ។

លោក អ៊ូ រតនា បានប្រាប់ឲ្យដឹងថា មេដាយសរុបចំនួន ១២ គ្រឿងដែលដណ្តើមដោយកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជារួមមានមេដាយ ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៧ គ្រឿង។ មេដាយមាសដំបូងបានទៅលើ កីឡាករ សៀន ចាន់ហួត លើវិញ្ញាសាមេគុនដំបងឯកត្តជន និងមេដាយមាស១គ្រឿងទៀតបានលើវិញ្ញាសាមេគុនសម្ដែងក្រុម។

មេដាយប្រាក់ ៣ គ្រឿង ដណ្ដើមបានដោយកីឡាករ លី ប៉ូរ៉ាមី លើវិញ្ញាសាមេគុនបុរសឯកត្តជន កីឡាករ អុំ និមល លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៧គីឡូក្រាម និងកីឡាករ កៅ វិចិត្ររាជ្យ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៤គីឡូក្រាម ។ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹងបញ្ជូនក្រុមកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ២៨ នាក់ គ្រូបង្វឹក ៥ នាក់ និងថ្នាក់ដឹកនាំ និងគ្រូពេទ្យចំនួន ៦នាក់ រួមមានកីឡាការិនីចំនួន ១១ នាក់ និងកីឡាករ ១៧ នាក់ លើវិញ្ញាសា ២៦ ក្នុងនោះវិញ្ញាសាប្រយុទ្ធចំនួន ១០ វិញ្ញាសា និងវិញ្ញាសា ១៦ វិញ្ញាសា ។

ចំណែកវិញ្ញាសាប្រយុទ្ធបុរសមាន ៦ វិញ្ញាសា៖ វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥១-៥៤ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៤-៥៧ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៧-៦០ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៦០-៦៤ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៦៤-៦៨ គីឡូក្រាម និងវិញ្ញាសាប្រភេទទម្ងន់ក្រោម ៦៨-៧២ គីឡូក្រាម
រីឯវិញ្ញាសាប្រយុទ្ធនារី មាន ៤ វិញ្ញាសា ៖វិញ្ញាសាប្រភេទទម្ងន់ក្រោម ៤៨-៥១ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥១-៥៤ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៤-៥៧ គីឡូក្រាម និងវិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៧-៦០ គីឡូក្រាម៕

Most Popular

To Top