កីឡា

លោក ហែម គីរី ៖ មេដាយ ៥ គ្រឿង ជាការខិតខំប្រឹងប្រែង អ្នកគ្រូបង្វឹក និងកីឡាករ-កីឡាការិនីផ្ទាល់

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹក តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញស្វាគមន៍ ក្រុមកីឡាករ-កីឡាការិនីហែល ជើងទាកម្ពុជា យើងដណ្តើមបានមេដាយមាស និងមេដាយសំរិទ្ធ នៃព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជើងទាជើងឯក ASIAN លើកទី១៨ ឆ្នាំ២០២៣ “ 18th ASIAN Finswimming Championships 2023” នៅប្រទេសថៃ យ៉ាងកក់ក្តៅបំផុត នាព្រលានយន្តហោះភ្នំពេញ អន្តរជាតិ ។

លោក ហែម គីរី បានមានប្រសាសន៍ថា ការប្រកួតរយៈពេល ៤ ថ្ងៃនៅ ខេត្តភូកេត នៃព្រះរាជាណាចក្រថៃ នៃព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក ជើងទាជើងឯក ASIAN លើកទី១៨ ឆ្នាំ២០២៣ “ 18th ASIAN Finswimming Championships 2023” ហើយជាលើកទី១ សម្រាប់ក្រុម ក្រុមកីឡាករ-កីឡាការិនី ហែលជើងទាកម្ពុជា ៥ រូបចូលរួម ចំណែកជាលទ្ធផលកម្ពុជា យើងដណ្តើមបានមេដាយចំនួន ៥ គ្រឿង ក្នុងនោះមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ។ យើងអាចនិយាយបានថាលទ្ធផលនេះ គឺជាលទ្ធផលដ៏ល្អបំផុតសម្រាប់កម្ពុជាយើង បន្ទាប់ពីសហព័ន្ធ បានចូលជាសមាជិក របស់សហព័ន្ធកីឡាហែលជើង ទាអន្តរជាតិ។

លោកអគ្គលេខាធិការបានបន្តថា ការប្រកួតឆ្នាំនេះ មានប្រទេសចូលរួមចំនួន ១៧ ប្រទេស ចំពោះកម្ពុជាយើងឈរ នៅចំណាត់ថ្នាក់លេខ ៦ ជាការនឹកស្មានមិនដល់ ហើយលទ្ធផលនេះ សបញ្ជាក់ឲ្យឃើញថា ជាលទ្ធផលមួយ ដែលសហព័ន្ធក្រោមការដឹកនាំ ដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងថ្នាក់ដឹកនាំទំាងអស់របស់សហព័ន្ធ ជាពិសេសដោយសារមានការ ខិតខំប្រឹងប្រែងអ្នកគ្រូបង្វឹក និងកីឡាករ-កីឡាការិនីផ្ទាល់ផងដែរ ។

លោកបានបន្ថែមទៀតថា ក្រោយពីបញ្ចប់ការប្រកួតកីឡា SEA GAME 2023 លើកទី៣២ កីឡាករ-កីឡាការិនីមិនបានឈប់សម្រាកឡឡើយ ដោយសារយើងផ្តោត ទៅលើការប្រកួតខាងលើកនេះ យើងបានដាក់ទិសដៅផែនការសំខាន់ៗ និង ជាការប្រកួតសំខាន់ដើម្បីវាស់ស្ទង់សមត្ថភាព និងការបង្កើនសមត្ថភាពថ្មី ។ អ្វីដែលអស្ចារ្យនោះ គឺកម្ពុជាទទួលការកោតសរសើរ ពីបណ្តាលប្រទេសចូលរួមថា ជាលើកទី១ យើងដណ្តើមមេដាយច្រើនគួរសម ។

កម្ពុជាដណ្តើមបានមេដាយ ៥ គ្រឿង ក្នុងនោះមេដាយមាស ២ គ្រឿង និងប្រាក់១ គ្រឿងដណ្តើមបានដោយកីឡាការិនីហែលជើងទា កាំង មុយ នីន លើវិញ្ញសាហែលចម្ងាយ ១០០ ម៉ែត្រនារី វិញ្ញាសាហែលចម្ងាយ ២០០ ម៉ែត្រនារី និងលើវិញ្ញសាហែលចម្ងាយ ៤០០ ម៉ែត្រនារី (ប្រាក់) ចំពោះមេដាយសំរិទ្ធ ២ គ្រឿងដណ្តើមបានដោយ កីឡាការិនីហែលជើងទាឃឺន ប៊ុនពេជ្រ មរកត ដណ្តើមបានមេដាយសំរិទ្ធ លើវិញ្ញសាហែលចម្ងាយ ១០០ ម៉ែត្រនារី និងើវិញ្ញាសាហែលចម្ងាយ ២០០ ម៉ែត្រនារី ។

លោក ហែម គីរី បានប្រាប់ថា ការចេញទៅចូលរួមប្រកួតនេះដោយទទួលបានការអនុញ្ញាតពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងទទួលបានគោលការណ៍ អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធខ្មែរកីឡាហែលទឹក បានចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី FIN Swimming ចំនួន៥នាក់ទៅចូលរួមការប្រកួត 18th ASIAN Finswimming Championships 2023 តបតាមការអញ្ជើញរបស់ Association of Thailand Underwater Sports ប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី ២៤ ដល់ ថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ ខេត្ត ភូកេត នៃ ព្រះរាជាណាចក្រ ថៃ។ ចំពោះគ្រូបង្វឹក និងកីឡាករ-កីឡាការិនីរួមមាន៖អ្នកគ្រូបង្វឹក ហែមថុន វិទិនី កីឡាការិនី កាំង មុយ នីន កីឡាការិនី ឃឺន ប៊ុនពេជ្រ មរកត កីឡាករ ទួន ទិត្យ សត្យា និងកីឡាករ លឹម សុខ វឌ្ឍន៍នន្ទ៕

Most Popular

To Top