ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ និងលោក ឈុន ចាន់ធូ អគ្គនាយករងតំណាងឲ្យលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមបិទព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានមានប្រាសាសន៍ថា តាមរយៈរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតឃើញថា កីឡាករ-កីឡាការិនីទាំងអស់បានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជម្នះ ហើយក្រុមអត្តពលិកៗដែលពុំទទួលបានជ័យលាភីក្នុងឆ្នាំនេះកុំអស់សង្ឃឹម និងសូមត្រៀមខ្លួនសម្រាប់កម្មវិធីប្រកួតផ្សេងៗទៀត ដោយសារការប្រកួតតែងមានចាញ់មានឈ្នះ ហើយក៏បានផ្តល់ឲ្យយើងនូវចំណងមិត្តភាព និងសាមគ្គីភាពតទៅមុខ។

លោកមបណ្ឌិតសភាចារ្យបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធដែលបានរៀបចំការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ព្រមទំាងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំហ្វឹកហាត់ និងគោរពបទបញ្ជាប្រកួតបានយ៉ាងខ្ជាប់ខ្ជួន ទោះបីជាលទ្ធផលចាញ់ឬឈ្នះក៏ដោយ។

លោកប្រធានសហព័ន្ធក៏បានថ្លែងអំណរគុណដល់ស្ថានទូតនៃសាធារណរដ្ឋកូរ៉េបានឧបត្ថម្ភគាំទ្រ និងផ្តល់ឱកាសដល់ប្រភេទកីឡាតេក្វាន់ដូ WT ដើម្បីផ្សព្វផ្សាយក្បាច់គុនដល់ប្រជាពលរដ្ឋទូទៅផង ក៏ដូចជាការផ្តល់ឱកាសកីឡាករ កីឡាការិនីតេក្វាន់ដូ WT កម្ពុជាបានប្រកួត និងបង្ហាញនូវសមត្ថភាពបច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន។ទន្ទឹមនឹងនេះ សូមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ត្រៀមខ្លួនដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក គង់ សក្ខិដា អគ្គលេខាធិការរង ខេមរសហព័ន្ធតេក្វាន់ដូគូសបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ បានដំណើរការពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់តេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដោយមានក្លិបកីឡាតេក្វាន់ដូ WT មកពីបណ្តារាជធានី-ខេត្ត ចូលរួមសរុប ចំនួន២៤ក្លឹប ស្មើនឹង ១៦០នាក់ (ប្រតិភូគ្រូបង្វឹក ៣៩នាក់ កីឡាករ ៦០នាក់ និងកីឡាការិនី ៦១នាក់) ក្នុងនោះ ក្លឹបនៅរាជធានីភ្នំពេញចំនួន ១៥ក្លិប។

ការប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣អាចដំណើរការបាន ដោយសារមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿនដល់ការអភិវឌ្ឍរបស់ខេមរសហព័ន្ធតេក្វាន់ដូ ប្រចាំឆ្នាំ២០២៣ សម្រាប់ជាឱកាសដល់កីឡាករ-កីឡាការិនីទាំងអស់បានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក្នុងការដណ្តើមជ័យលាភីរៀងៗខ្លួន គោលដៅត្រៀមប្រមូលផ្តុំក្រុមជម្រើសជាតិ និងត្រៀមចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT ជាលក្ខណៈអន្តរជាតិនានា ពិសេសត្រៀមចូលរួមប្រកួតជម្រុះកីឡាអូឡាំពិករដូវក្តៅ នាខែមីនា ឆ្នាំ២០២៤ នៅប្រទេសចិន។




គួរបញ្ជាក់ថា ចំពោះលទ្ធផលបច្ចេកទេស ក្នុងចំណោម២៤ក្លឹប ដែលចូលរួមប្រកួតប្រជែងមេដាយលើវិញ្ញាសាសរុបចំនួន១៦ គឺក្រសួងមហាផ្ទៃ ឈរលេខ១ ដោយដណ្តើមបានមេដាយសរុប ១០គ្រឿង ក្នុងនោះមេដាយមាស ២ ប្រាក់៥, ចំណាត់ថ្នាក់លេខ២ ក្រសួងការពារជាតិ មេដាយសរុប ៨គ្រឿង ក្នុងនោះមេដាយមាស ៤គ្រឿង ប្រាក់១ និងសំរឹទ្ធ៣ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្លឹប Brain Storm ខេត្តបាត់ដំបង ដែលដណ្តើមបានមេដាយសរុបចំនួន ៤គ្រៀង ក្នុងនោះមានមេដាយមាស ២ និងសំរឹទ្ធ២គ្រឿង៕
