កីឡា

លោក ប៉ុន សុខ៖ តាមរយៈការប្រកួតប្រជែង និងសម្រិតសម្រាំងម្ចាស់ជ័យលាភី នាពេលនេះជាសមិទ្ធផលថ្មីមួយទៀត

ភ្នំពេញ៖ការប្រកួតកីឡាបាល់បោះរទេះជើងឯកប្រចាំឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីរកឃើញម្ចាស់ជ័យលាភីលើវិញ្ញាសា ៥ទល់៥ និង ៣ទល់៣ និងបានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃ។


ក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់បោះរទេះជើងឯកប្រចាំឆ្នាំ២០២៣ នោះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉ុន សុខ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងលោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។


លោក ប៉ុន សុខ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡាមានបានប្រសាសន៍ថា តាមរយៈការប្រកួតប្រជែង និងសម្រិតសម្រាំងម្ចាស់ជ័យលាភី នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ តាមរយៈការផលិតធនធានកីឡាបាល់បោះរទេះជនពិការប្រចាំឆ្នាំក៏បានបង្ហាញពីការប្រែប្រួលពីសមិទ្ធផលថ្មីៗនៃហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត និងធនធានកីឡាករ កីឡាការិនីរបស់ថ្នាក់ដឹកនាំ និងលោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។


លោកបានបន្តថា ចំពោះកីឡាករ កីឡាការិនីទាំងពិការ និងមិនពិការសុទ្ធតែទទួលបានការលើកទឹកចិត្តឧបត្ថម្ភគាំទ្រដូចៗគ្នាពីរាជរដ្ឋាភិបាលកម្ពុជា។ អ្វីជាខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រីកម្ពុជា និងបន្តមក សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន ដឹកនាំឱ្យប្រទេសជាតិបន្តនិរន្តរភាពនូវការថែរក្សាសុខសន្តិភាព ដោយសុខសន្តិភាពនេះហើយ ទើបយើងអាចបន្តការអភិវឌ្ឍបាន ហើយនៅក្នុងនោះ វិស័យកីឡាក៏ជាចំណុចមួយសំខាន់ក៏កំពុងរីកចម្រើនដូចវិស័យផ្សេងៗដែរ។


លោក ប៉ុន សុខ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់របស់កីឡាករ កីឡាការិនីពិការទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីដណ្តើមជ័យលាភី ក្នុងការប្រកួតជើងឯក ឆ្នាំ២០២៣នេះ ដើម្បីត្រៀមឆ្ពោះចូលរួមប្រកួតប្រជែង កម្រិតអន្តរជាតិសំខាន់ៗនាឆ្នាំ២០២៤ខាងមុខ។

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាបាល់បោះរទេះជ្រើសរើសជើងឯក ឆ្នាំ២០២៣នេះត្រូវបានរៀបចំឡើងក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយឆ្នាំនេះមានការកើនឡើងនូវចំនួនកីឡាករ កីឡាការិនីសរុប ៤៧នាក់មកពី៨ក្លឹប។ ព្រឹត្តិការណ៍ប្រកួតនេះក៏ជាការអបអរទិវាជនពិការកកម្ពុជា ខួបលើកទី២៥ និងទិវាជនពិការអន្តរជាតិ លើកទី៤១ផងដែរ។ ដូច្នេះការប្រកួតនេះ គឺជាការផលិតធនធនថ្មីៗ ក្នុងការស្វែងរកកម្លាំងថ្មីៗមកបំពេញបន្ថែម ក្នុងការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ត្រៀមចូលរួមប្រកួតអន្តរជាតិ ជាបន្តបន្ទាប់ផងដែរ៕

Most Popular

To Top