ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានប្រកាសជាផ្លូវការ នៃការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯក ថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៣ របស់ខ្លួនជាលើកដំបូង ប្រព្រឹត្តិទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ដោយការប្រើប្រាស់ថវិកា របស់សហព័ន្ធខ្មែរកីឡាហាប់គីដូផ្ទាល់ ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានប្រាប់ឲ្យដឹងថា យោង ចំណារឯកភាពរបស់ លោកឧកញ៉ា សៅ សេងហាក់ ប្រធាន សហព័ន្ធខ្មែរកីឡាហាប់គីដូ បានអនុញ្ញាតរៀបចំការ ប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯក ថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៣ និងប្រព្រឹត្តិទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ចែកចេញជា២វ័យ គឺ កុមារ និងពេញវ័យ និងមាន ២៣វិញ្ញាសារួមមាន ៖

ផ្នែកកុមារ ៖ វិញ្ញាសាលោតចម្ងាយ (Hapkido Long-Fall) ឯកត្តជនកុមារា និងឯកត្តជនកុមារី។ វិញ្ញាសាលោតកម្ពស់ (Hapkido High-Fall) ឯកត្តជនកុមារា វិញ្ញាសាស្នៀតការពារខ្លួន (Hapkido Self-Defense) គូកុមារីម្នាក់-កុមារាម្នាក់ (កុមារីជាអ្នកការពារ) វិញ្ញាសាប្រយុទ្ធ ឯកត្តជនកុមារា។ ចំណែកវិញ្ញាសាឯកត្តជនកុមារី វិញ្ញាសាទាត់ និងដាល់ល្បឿន ឯកត្តជនកុមារា ឯកត្តជនកុមារី
ផ្នែកពេញវ័យ ៖ វិញ្ញាសាលោតចម្ងាយ (Hapkido Long-Fall) ឯកត្តជនបុរស និងឯកត្តជននារី ៖ វិញ្ញាសាលោតកម្ពស់ (Hapkido High-Fall) ឯកត្តជនបុរស វិញ្ញាសាស្នៀតការពារខ្លួន (Hapkido Self-Defense) គូនារីម្នាក់-បុរសម្នាក់ (នារីជាអ្នកការពារ) វិញ្ញាសាប្រយុទ្ធ បុរស ៥៥គីឡូក្រាម ៦០គីឡូក្រាម នារី ៤៥គីឡូក្រាម។

សមាគម-ក្លិប មានសិទ្ធិដាក់ពាក្យចូលរួមប្រកួត នូវចំនួនកីឡាករ កីឡាការិនី១០នាក់យ៉ាងច្រើនក្នុង១ សមាគម ក្លឹប -កីឡាករ កីឡាការិនី ១រូប អាចចូលរួមប្រកួតច្រើនបំផុត ៣វិញ្ញាសា ប៉ុណ្ណោះ៕
