ភ្នំពេញ ៖ អង្គការផ្កាយសមុទ្របានរៀបចំ កម្មវិធីការប្រកួតបាល់ទាត់ សប្បុរសធម៌ លើកទី២របស់ខ្លួន ប្រព្រឹត្តទៅដោយជោគជ័យ កាលពីពេលថ្មីៗនេះ ដោយបាននាំយកនូវភាព សប្បាយរីករាយ និងទំនាក់ទំនងល្អ រវាងគ្នាដោយមានការចូលរួមចំណែក ពីបណ្ដាក្រុមហ៊ុននានា ចំនួន ១១ ផ្សេងៗគ្នា មកជួបជុំគ្នាលេង កីឡា ពង្រឹងសុខភាព និងជាពិសេសគាំទ្រ ដល់ការងារអង្គការផ្កាយសមុទ្រ ក្នុងការផ្តល់ឱកាសដល់កុមារក្រីក្រកម្ពុជា ឲ្យទទួលបានការរៀនសូត្រ ដ៏មានគុណភាព ដើម្បីកសាងអនាគតត្រចេះត្រចង់ ។

កម្មវិធីប្រកួតបាល់ទាត់ រយៈពេលមួយថ្ងៃពេញនេះ បង្កើតឡើងក្នុងគោលបំណង ផ្តល់ភាពសប្បាយរីករាយ ឱកាសកសាងមិត្តភាព និងចូលរួមចំណែក លើកកម្ពស់សុខភាព តាមរយះការលេងកីឡា ថែមទៀតផង ។ កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌ លើកទី២នេះ បានប្រព្រឹត្តនៅលើវាលស្មៅខៀវខ្ចី នៃទីលានបាល់ទាត់អង្គការ ផ្កាយសមុទ្រ ISF Sport Ground Cambodia ដោយទទួលបានការសហការឧបត្ថម្ភពីក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជាដូចជា Beverage Company, Hospicare, Eleven One Kitchen, and Fly Phnom Penh ។

អ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាអង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា ខ្ញុំពិតជាមានអារម្មណ៍រំភើប រីករាយណាស់ ដែលបានឃើញពីការចូលរួម យ៉ាងច្រើនកុះករពីបងប្អូន មកពីក្រុមបណ្ដាក្រុមហ៊ុននានា ប្រកបដោយទឹកចិត្តសប្បុរសធម៌ ជួយរួមចំណែក ក្នុងការងារសង្គម និងកាត់បន្ថយភាពក្រីក្រ ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ ឱកាសដល់កុមារក្រីក្រ នូវឱកាសរៀនសូត្រ ដ៍មានគុណភាពនិងជាពិសេស គឺចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់ នូវប្រទេសយើងអោយកាន់តែរីកចម្រើន ទៅមុនផងដែរ ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកទាំងអស់គ្នាសម្រាប់ការឧបត្ថម្ភគាំទ្រ មិនអាចកាត់ថ្លៃបាន ចំពោះបេសកកម្មរបស់អង្គការផ្កាយសមុទ្រ កន្លងមកនេះ ។

កម្មវិធីប្រកួតបាល់ទាត់ សប្បុរសធម៌លើកទី២ របស់អង្គការផ្កាយសមុទ្រឆ្នាំនេះ ពិតជាបានបង្កើតអនុស្សាវរីយ៍ថ្មីៗ និងល្អៗ ដល់ក្រុមបាល់ទាត់ចូលរួមទាំងអស់ ដោយទន្ទឹមនឹងនេះ បានពង្រឹងស្មារតីក្រុមពង្រីកទំនាក់ទំនង និងបង្កើតវប្បធម៌ចែករំលែក ក្នុងសង្គមកម្ពុជាទាំងមូលទៀតផង ។ ជោគជ័យនៃព្រឹត្តិការណ៍នេះ នឹងមិនអាចកើតឡើង ទៅរួចឡើយប្រសិន បើមិនមានការចូលរួមពី លោកអ្នកទាំងអស់មកពីក្រុមហ៊ុនទាំង១១ មានដូចជា៖ ក្រុមAIA Cambodia ក្រុម V-Grow FT ក្រុម Codingate FC CE&P Corporate Ltd ក្រុម Bokor Seniors ក្រុម We clean FC ក្រុម Reasey Krohom ក្រុម Spean Thmor United ក្រុម Flying Tigers ក្រុម Athireach Thmor និងក្រុមTogether make a happy life for kids ។

លោកផាត ផានិត មកពីក្រុម Spean Thmor United បាននិយាយថា នេះជាលើ កដំបូង របស់ខ្ញុំដែលចូលរួម ក្នុងកម្មវិធីការប្រកួតបាល់ទាត់សប្បុរសធម៌ របស់អង្គការផ្កាយសមុទ្រ ។ កម្មវិធីនេះបានអនុញ្ញាតឲ្យ ខ្ញុំភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនផ្សេងៗគ្នា ខណៈពេលដែលបានរួមចំណែក យ៉ាងមានអត្ថន័យដើម្បីជួយដ៍កុមារ និងសហគមន៍រក្រីក្រ ។ ខ្ញុំមើលឃើញថា កម្មវិធី ការប្រកួត បាល់ទាត់ សប្បុរសធម៌ជាឱកាសដ៏ធំធេង សម្រាប់បុគ្គលវ័យក្មេង និងក្រុមហ៊ុននានាក្នុងការរួបរួមនិង បំផុសក្តីសង្ឃឹម ដែលអាចឱ្យកុមារក្រីក្រ ទទួលបានការអប់រំ ។
គោលដៅ នៃការប្រកួតបាល់ទាត់សប្បុរសធម៌ គឺដើម្បីបង្កើតទំនាក់ទំនង រវាងក្រុមហ៊ុនសាជីវកម្ម នានាតាមរយៈការប្រកួតប្រជែងមិត្តភាព ប្រធានបទនៃព្រឹត្តិការណ៍ឆ្នាំនេះផ្តោតលើការកសាងទំនាក់ទំនង ការពង្រឹងសមត្ថភាពកីឡា និងការប្តេជ្ញាចិត្តចំពោះការងារសប្បុរសធម៌។

លោករ៉ាវុធ មកពីក្រុម AIA Cambodia បាននិយាយថា AIA Cambodia បានចូលរួមកម្មវិធីនេះ ចាប់តាំងពី ការប្រកួតបាល់ទាត់ សប្បុរសធម៌ លើកទីមួយ ដែលមានគោលបំណង ជំរុញទឹកចិត្តកីឡា និងការងារសប្បុរសធម៌ សម្រាប់បុគ្គលិក AIA ទាំងអស់។បទពិសោធន៍របស់ខ្ញុំ នៅក្នុងកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌ លើកទី២នេះ ពិតជាសប្បាយរីករាយណាស់ ព្រោះវាអនុញ្ញាតឱ្យខ្ញុំបានបណ្តុះ មិត្តភាព និងបង្កើតទំនាក់ទំនង ដ៏រឹងមាំជាមួយមិត្តរួមការងារ នូវAIACambodia និងអ្នកតំណាងមកពីក្រុមហ៊ុនផ្សេងៗ ក្នុងប្រទេសកម្ពុជា ។ ខ្ញុំសូមអំពាវនាដល់ក្រុមហ៊ុននានាដែលមិនទាន់ បានចូលរួមជាមួយអង្គការផ្កាយសមុទ្រ អាចចុះឈ្មោះចូលរួម នៅឆ្នាំក្រោមទាំងអស់គ្នា ៕
ដោយ៖លី ភីលីព
