ភ្នំពេញ ៖ ក្លិបកីឡាវាយកូនបាល់ ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក នៃការប្រកួតកីឡា វាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅភ្នំពេញនាទីលានហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកីឡាករ-កីឡាការិនីចំនួន ៥៧ នាក់មកក្លិបចំនួន៩ ។
ក្នុងឱកាសពិធីបិទការ ប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៣ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញ ជាកិត្តិយស ពីសំណាក់លោកស្រី ស៊ុំ សុខា អនុប្រធានសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា និងលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នាទីលានហ្វឹកហាត់ របស់សហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ។
ក្លិបកីឡាវាយកូនបាល់ ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក បន្ទាប់ពីដណ្តើមមេដាយមាស ៣ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ក្លិបកីឡាវាយកូនបាល់ក្រសួងការពារជាតិ ដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ក្លិបកីឡាវាយកូនបាល់ ខេត្តសៀមរាប ដណ្តើម មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង និងក្លិបកីឡាវាយកូនបាល់ អូឡាំពិកដណ្តើម មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ។
លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថាការប្រកួត កីឡាវាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៣មានកីឡាករ-កីឡារិនីចូលរួមចំនួន ៥៧ នាក់ក្នុងនោះមានកីឡាករចំនួន ៥១ នាក់ និងកីឡាការិនី ៦ នាក់មកពីក្លិបកីឡា វាយកូនបាល់អូឡាំពិក ក្លិបកីឡាវាយកូនបាល់ ក្រសួងការពារជាតិ ក្លិបកីឡាវាយ កូនបាល់ក្រសួងមហាផ្ទៃ ក្លិបកីឡាវាយកូនបាល់ ខេត្តបាត់ដំបង ក្លិបកីឡាវាយកូនបាល់ខេត្តសៀមរាប ក្លិបកីឡាវាយកូនបាល់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក្លិបកីឡាវាយកូនបាល់ខេត្តតាកែវ ក្លិបកីឡាវាយកូនបាល់ខេត្តព្រះវិហារ និងក្លិបកីឡាវាយ កូនបាល់ឌីវេនកូ ។
លោកអគ្គរងបានបន្តថា ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកនេះ មានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដាក់ ៤ វិញ្ញាសារួមមានវិញ្ញាសា វាយឯកត្តជនបុរស វិញ្ញាសាវាយឯកត្តជននារី វិញ្ញាសាវាយគូ និងវិញ្ញាសាវាយយុវជន ក្រោមអាយុ១៨ ឆ្នាំ៕
ដោយ៖លី ភីលីព