ភ្នំពេញ ៖ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងអ្នកតំណាងសហព័ន្ធជាតិទំាង ១៣ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះបានអញ្ជើញ ចូលរួមកិច្ចប្រជុំ នាយបេសកកម្ម នៃការប្រកួតកីឡាសិស្សបឋមសិក្សា និងឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានរៀបចំ និងព្រឹត្តិការណ៍កីឡា ។
លោក ហួត សេងទ្រី បានប្រាប់ឲ្យដឹងដថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤ លើ១១ប្រភេទកីឡារួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាវាយកូនឃ្លីលើតុ កីឡាវាយសី កីឡាតេក្វាន់ដូ WT កីឡាតេក្វាន់ដូ ITF កីឡាប៉េតង់ កីឡាហែលទឹក និងគុនល្បុក្កតោ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែមិនាដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
លោកប្រធានបានបន្តថា ចំណែកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ លើ១៣ប្រភេទកីឡារួមមានកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាប៉េតង់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ កីឡាវាយសី កីឡាតេក្វាន់ដូ WT កីឡាតេក្វាន់ដូ ITF កីឡាការ៉ាតេ កីឡាវាយកូនឃ្លីលើតុសីប៉ាក់តាក្រ និងកីឡាគុនដាវដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានី ភ្នំពេញ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ជ្លៀសវៃ ប្រកបដោយកត្តិបណ្ឌិត របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាព ពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏បានយកចិត្តទុក ដាក់រៀបចំគោល នយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យកីឡា សំដៅកសាងធនធានមនុស្ស ឲ្យមានសុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់ និងរួមចំណែកអភិវឌ្ឍ ប្រទេសជាតិប្រកបដោយនិរន្តរភាព ។ នាឆ្នាំ២០២៩ ខាងមុខនេះព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយ ទៀតគឺ ការប្រកួតកីឡាយុវជន ទ្វីបអាស៊ី លើកទី៥ ឆ្នាំ២០២៩ (5th Asian Youth Games 2029)៕