កីឡា

សិក្ខាកាម ៦៥ នាក់ សិក្សាវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល កីឡាបាល់ទះ ឆ្នេរខ្សាច់កម្រិត C ឆ្នាំ២០២៤

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា នាថ្ងៃទី ២ ខែមករា ឆ្នាំ២០២៤ បានប្រកាសបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលកីឡាបាល់ទះ ឆ្នេរខ្សាច់កម្រិត C ឆ្នាំ២០២៤ ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី២ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចំនួន ៦៥ នាក់មកពីសមាគម ក្លិប និងមន្ទីរអប់រំកាយ និងកីឡាបណ្តាលខេត្ត ទំាង ២៥ នៅទូទាំងប្រទេកកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសពិធីបើកជាផ្លូវការ ដោយមាន ការអញ្ជើញជាកិត្តិយស លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងអគ្គលេខាធិការ តំណាងឲ្យលោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និង លោក ចាប រតនា អនុប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក កួន សុគន្ធី អ្នកគ្រប់គ្រងវគ្គបាននិយាយថា ថ្ងៃនេះសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបន្តបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលកីឡាបាល់ទះឆ្នេរ ខ្សាច់កម្រិត C ឆ្នាំ២០២៤ ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី២ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចំនួន ៦៥ នាក់ ក្នុងនោះស្រីមាន ៦ នាក់មកពីសមាគម ក្លិប នាយកដ្ឋាន អប់រំកាយ និងកីឡា នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍និងមន្ទីរអប់រំកាយ និងកីឡា ព្រមទំាងមន្ទី្រ របស់សហព័ន្ធបណ្តាល ខេត្តទំាង ២៥ ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល កីឡាបាល់ទះឆ្នេរខ្សាច់នេះមានសារសំខាន់ណាស់ ដូច្នេះសិក្ខាកាមទំាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងក្រេមចំណេះដឹងពីគ្រូឧទ្ទេសទំាង ២ រូប ដើម្បីការអភិវឌ្ឍកម្រិតសមត្ថភាពឲ្យកាន់តែខ្ពស់បាន ត្រូវតែសិក្សាលើទ្រឹស្តីហើយត្រូវភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្តែងផងដែរ។ វគ្គបណ្តុះបណ្តាល ក្រោមការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលនេះប្រចាំឆ្នាំ ។

លោកបណ្ឌិតបានបន្តថា សហព័ន្ធតែងតែបើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស ពិសេសអាជ្ញាកណ្តាលកីឡាបាល់ទះ ឲ្យកាន់តែល្អប្រសើរបន្ថែម ។ នៅពេលខាងមុខឆាប់ៗនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិ និងការប្រកួត។ លោកប្តេជ្ញាជំរុញឲ្យឲ្យមានអជ្ញាកណ្តាលជាតិក្លាយជាអជ្ញាកណ្តាល អន្តរជាតិឲ្យបានច្រើនរូប ដើម្បីចូលរួមកាត់ក្តីការប្រកួតកម្រិតអន្តរជាតិ។
លោកអនុប្រធានបានបន្ថែមទៀតថា សព្វថ្ងៃនេះប្រទេស ម៉ាឡេស៊ី មានអាជ្ញាកណ្តាលអន្តរជាតិ ជាង៤០០ នាក់ ដូច្នេះសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏ជំរុញឲ្យមានច្រើនរូបដូចប្រទេសម៉ាឡេស៊ីដែរ ។ លោកគ្រោង នឹងបញ្ជូនអាជ្ញាកណ្តាលជាតិ របស់កម្ពុជាទៅប្រឡង យកកម្រិតអន្តរជាតិ ជាមួយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ៕
ដោយ៖លី ភីលីព

Most Popular

To Top