ភ្នំពេញ ៖ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោក នូ ចំរើន អគ្គលេខាធិការ នៃសហព័ន្ធខ្មែកីឡាទោចក្រយានកម្ពុជា ប្រកាសជាផ្លូវការ រៀបចំព្រឹត្តការណ៍ប្រកួត ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ដែលគ្រោងនឹង ដំណើរ ការពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង ឲ្យរលូន និងទទួលបានជោគជ័យ ក្រោមការសហការជា មួយថ្នាក់ដឹកនាំខេត្ត ។

លោកប្រកាសនោះក្នុងឱកាសសន្និសីទ សារព័ត៌មាន កាលពីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ខណៈក្រុមហ៊ុនឯកជន ដែលឧបត្ថម្ភគាំទ្រ ផ្តាច់មុខដល់ការរៀបចំ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ គឺជាឆ្នាំទី៤ ដើម្បីរួមចំណែកអភិវឌ្ឍ ដល់វិស័យកីឡាទោចក្រយានកម្ពុជា ។

លោក នូ ចំរើនបានបន្តថា ការរៀបចំជើងឯក ថ្នាក់ជាតិនៅខេត្តកំពង់ឆ្នាំងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីបានចុះ ឈ្មោះប្រកួតសរុប ២៩៨នាក់ មកពី២៨ ក្លឹប សមាគម រាជធានី-ខេត្ត ហើយបើបូករួមទាំងមន្ត្រីគណៈកម្មការបច្ចេកទេស និងអ្នកស្ម័គ្រចិត្តទៀត មានចំនួន សរុបចន្លោះ ពី៥៥០នាក់ ដល់៦០០នាក់ ដើម្បីឲ្យដំណើរការប្រកួត នេះមានភាពរលូនបាន ។

សម្រាប់ឆ្នាំនេះ មានការកើនឡើង ១០ ភាគរយ បើប្រៀបធៀប នឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំកន្លងទៅ ដោយកីឡាករភាគ ច្រើនបានចុះឈ្មោះ ប្រកួតបន្ថែមទាំងពីរវិញ្ញាសា គឺប្រកួតកង់គួក នាថ្ងៃទី៦ និងប្រកួតកង់ភ្នំ នៅថ្ងៃទី៧ ខែមករា ។ ឆ្នាំនេះព្រឹត្តិការណ៍ប្រកួត របស់យើងមានការចូលរួមពីក្លឹបម៉ូតូធំ BMW ក្នុងការជួយសម្រួល ក្នុងការប្រកួត លើវិញ្ញាសាកង់គួក ដែលពួកគាត់សុទ្ធ តែជាកីឡាករម៉ូតូមានកម្រិតជំនាញខ្លាំង ព្រមទាំងសមត្ថភាព និងបទពិសោធន៍ ខ្ពស់ធ្លាប់ចូលរួមរៀបចំ ព្រឹត្តិការណ៍ប្រណាំង កង់ពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីដើមឆ្នាំ២០២០ និងការប្រកួត ថ្នាក់ជាតិ ២០២២ ការប្រកួតកីឡាជាតិ ឆ្នាំ២០២២ និង ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

អគ្គលេខាធិការបានបន្ថែមថា គោលដៅ នៃការរៀបចំព្រឹត្តការណ៍ ប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ គឺមានចំនួន២ គឺទី១ អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ដោយមានការឯកភាព និង ណែនាំលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជាប្រធានសហព័ន្ធ បានដាក់ចេញ គឺយើង ត្រូវបង្កើន និងពង្រឹងសមត្ថភាព គណៈកម្មការ បច្ចេកទេស និងគណៈកម្មការៀបចំការប្រកួត ក្នុងដំណើរឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ក៏ដូចជាការប្រកួតកីឡាទោចក្រយានលើឆាកអន្តរជាតិផ្សេងៗទៀត នាពេលខាងមុខ ។ ទី២ គោលដៅសំខាន់ របស់សហព័ន្ធនោះ គឺតាមរយៈការប្រកួតនេះ និង មានការចូលរួមពីកីឡាករ-កីឡាការិនី ពីគ្រប់រាជធានី -ខេត្ត ក៏ដូចជាបានផ្តល់ ឱកាសដល់ពួកគាត់ ក្នុងការបង្ហាញនូវទេសកោសល្យ ចំណេះ និងជំនាញ ដូច្នេះ ការប្រកួតនេះ ក៏ដូចជាបានបង្ហាញ ពីការវិវឌ្ឍសមត្ថភាព និងកម្រិតបច្ចេកទេស របស់ពួកគាត់ផងដែរ ។

សហព័ន្ធខ្មែរ កីឡាទោចក្រយានកំពុងស្វែងរកធនធាន កីឡាករ-កីឡាការិនី មានសមត្ថភាព ដើម្បីបញ្ចូល ក្នុងក្រុម ជម្រើសជាតិ ។ ដូចនេះមន្ត្រីបច្ចេកទេស សហព័ន្ធតែងតែសំឡឹង មើលលើទេពកោសល្យ របស់ពួកគាត់ជារៀងរាល់ឆ្នាំ តាមរយៈការប្រកួតជើង ឯកថ្នាក់ជាតិ ដែលជាព្រឹត្តិការណ៍ប្រកួតកម្រិតខ្ពស់បំផុតថ្នាក់ជាតិ និងធំជាងគេប្រចាំឆ្នាំ ដើម្បីត្រៀមបញ្ចូល ក្នុងបញ្ជីឈ្មោះកីឡាករ ដែលត្រូវទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃផងដែរ ៕
