ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមក្រសួងការពារជាតិ គ្រងតំណែងជើងឯក ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ គិរីសួគ៌ ឆ្នាំ២០២៣ បន្ទាប់ពីក្រុមនេះ ដណ្តើមេដាយមាសច្រើងជាងគេ ក្នុងចំណោមក្លឹប ក្រសួង ស្ថាប័ន រាជធានីខេត្ត កីឡាវ៉ូវីណាមចំនួន ១៣ ដែលបានចុះឈ្មោះចូលរួមការប្រកួត ។
ក្នុងឱកាសពិធីបិទ និងប្រគល់មេដាយជូនក្រុមក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ គិរីសួគ៌ ឆ្នាំ២០២៣ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការអញ្ជើលចូលរួមពីសំណាក់លោក ម៉ុង គីមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំដោយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បាននិយាយថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិនិងពានរង្វាន់គិរីសួគ៌ ឆ្នាំ២០២៣ មានការចូលរួមពីបណ្តាក្លឹបនៃក្រសួង ស្ថាប័ន រាជធានីខេត្ត ចំនួន១៣ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១១៩ នាក់ កីឡាការិនី ៣៥ នាក់ ការប្រកួតចែកជា២ផ្នែកធំៗមាន២២វិញ្ញាសា រួមមានវិញ្ញាសាមេគុនចំនួន១៣ និងវិញ្ញាសាប្រយុទ្ធ ចំនួន៩។
ក្រសួងក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ១២ គ្រឿង ប្រាក់ ២គ្រឿង និងសំរិទ្ធ ២ គ្រឿង ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៧ គ្រឿង ប្រាក់ ៩ គ្រឿង និងសំរិទ្ធ៥ គ្រឿង និងក្លិបសែនសុខដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់ ៤ គ្រឿង និងសំរិទ្ធ ៣ គ្រឿង។
ចំណែកខេត្តព្រែវែងដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ៦ គ្រឿង ក្លិបវ៉ូវីណាមតារាជដណ្តើមបានមេដាយមាស១ គ្រឿង ក្លិបវ៉ូវីណាមសម្បតិ្តមុន្នីដណ្តើមបានមេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៩ គ្រឿង ក្លិបវ៉ូវីណាមច្បារអំពៅដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ ២ គ្រឿង ។
លោក ម៉ុង គីមហេង បានមានប្រសាសន៍ងថា ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ គិរីសួគ៌ ប្រចាំឆ្នាំ២០២៣ ធ្វើឡើងដើម្បីផ្តល់លទ្ធភាព ដល់យុវជនថ្នាលជំនាន់ក្រោយ ឲ្យបញ្ចេញសមត្ថភាព និងទេពកោសល្យ ត្រៀមចម្រាញ់យកកីឡាករ-កីឡាការិនី ចូលរួមប្រកួតកីឡាសិស្សអាស៊ាន នាខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសវៀតណាម និងខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី ។ កីឡាបានដើរតួយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌ និង សហគមន៍ទូទាំងពិភពលោកផង បច្ចុប្បន្នពិភពលោកទទួលស្គាល់ថា ការធ្វើសកម្មភាពកីឡា គឺជាយានដ៏សំខាន់ ដើម្បីទទួលបានសុខភាពល្អ ជាទុនសម្រាប់ជោគជ័យក្នុងការងារ និងការរស់នៅប្រកបដោយ ភាពសុខដុមនីយកម្ម ។
លោកប្រធានកិត្តិយសបានបន្តថា ជាថ្មីម្តងទៀត ខ្ញុំសូមវាយតម្លៃ និងកោតសរសើរចំពោះ គណៈកម្មការរៀបចំការប្រកួត ប្រតិភូ កីឡាករ-កីឡាការិនីបានរួមចំណែកធ្វើឲ្យការប្រកួតកីឡាថ្នាក់ជាតិ គិរីសួគ៌ ប្រចាំឆ្នាំ២០២៣ របស់យើងប្រព្រឹត្តទៅដោយជោគជ័យ និងសូមសំណូមពរដល់មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនី ត្រូវខិតខំបន្ថែមទៀតធ្វើយ៉ាងណារួមគ្នាសម្រេចឲ្យបាននូវផែនការឆ្ពោះទៅមុខ៕