ភ្នំពេញ ៖ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតជើងឯកនេះធ្វើឡើង ក្នុងគោលបំណងដើម្បី បំផុសដល់ស្រទាប់មហាជន និងសិស្ស-និស្សិត រាជធានី-ខេត្ត ដើម្បីលើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាពរបស់កីឡាករ-កីឡាការិនី ជាពិសេសជួយគណៈកម្មការរៀបចំការប្រកួតទទួលបាននូវ បទពិសោធន៍ខ្ពស់ក្នុងការរៀបចំ ខ្ញុំជឿជាក់ថា គណៈកម្មការមានលទ្ធភាព ដើម្បីត្រៀមខ្លួនក្នុង ការរៀបចំការប្រកួត ជាលក្ខណៈអន្តរជាតិ និងត្រៀមរៀបចំយុវជន អាស៊ី២០២៩ នាពេលខាងមុខនេះ ។
លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានលើកឡើង ក្នុងពិធីបិទការប្រកួតកីឡា វាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ព្រុំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងលោក ណយ ផាណា តំណាងឲ្យ គណៈកម្មាធការជាតិ អូឡាំពិកកម្ពុជា ។
លោកសន្តិបណ្ឌិត បានបន្តថា សហព័ន្ធបានធ្វើផែនការ យុទ្ធសាស្ត្រឆ្ពោះទៅយុវជន អាស៊ីឆ្នាំ២០២៩ រួមមានបំផុស បណ្តុះបណ្តាល នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រៀមបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល មន្ត្រីបច្ចេកទេស រៀងរាល់ឆ្នាំ និងតាមបណ្តាខេត្តផងដែរ ហើយយើងអាជ្ញាកណ្ដាលថ្នាក់អន្តរជាតិ មានបេក្ខជនចំនួន០៩រូប ជាប់បាន០៦ ព្រមទំាងត្រៀមបញ្ជូនកីឡាករ កីឡាការិនី និងគ្រូ សរុប១០ រូបទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន រយៈពេលវែង។
លោកប្រធានបានបន្ថែមទៀតថា នៅឆ្នាំ ២០២៩ ប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀប ចំប្រកួតកីឡាយុវជន អាស៊ីខាងមុខនេះ ។ ដូចនេះកីឡាករ-កីឡាការិនី លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសហព័ន្ធ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាង ណាឲ្យកីឡាករ-កីឡាការិនីទទួលបានលទ្ធផលល្អ ក្នុងការប្រកួតទាំងលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេស ការជំរុញនិងអភិវឌ្ឍ កីឡាករ កីឡាការិនីថ្នាល ដែលមានសក្តានុពលផ្តោត ទៅលើឆ្នាំ២០២៩ ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើដល់កីឡាករកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភីកុំភ្លេចហ្វឹក ហាត់បន្តទៀត រីឯអ្នកដែលមិនទាន់ទទួលបានជ័យជំនះ ត្រូវខិតខំហ្វឹកហាត់ទ្វេរដងដើម្បីទទួលបានជ័យជំនះ នា ការប្រកួតខាងមុខទៀត ។ ពិតមែនតែការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣នៅប្រទេស យើងត្រូវបានបញ្ចប់ក្ដី ក៏ សកម្មភាពការអភិវឌ្ឍន៍ វិស័យកីឡាវាយកូនឃ្លីលើតុយើងក៏ត្រូវតែបន្តការហ្វឹកហាត់ និងត្រៀមប្រកួតជាលក្ខណៈ ជាតិ និងអន្តរជាតិ ៕
ដោយ៖លី ភីលីព