កីឡា

លោក តែម ម៉ឺន ៖ ការប្រកួតជើងឯក ថ្នាក់ជាតិ ឆ្នាំនេះ ត្រូវលើកកម្ពស់ ឲ្យកាន់តែល្អប្រសើរ បន្ថែមទៀត ដើម្បីស្វែងរកម្ចាស់ឯកល្អៗ ប្រចាំវិញ្ញាសានីមួយៗ

ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និង ជាប្រធានសហព័ន្ធ កីឡាប្រដាល់ គុនខ្មែរ និងលោកឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ និង ជាអនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងារ ផ្គូផ្គងការ ប្រកួតគ្រប់សង្វៀនប្រកួត និងព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

សម្រាប់ការប្រកួត កីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ដែលមានទីតាំងស្ថិត នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងដីឡូដ៍ជិតច្រមុះជ្រូក រូបសំណាកព្រះគោព្រះកែវ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ បានមានប្រសាសន៍ថា ការប្រកួតជើងឯកឆ្នាំនេះ ចំពោះវិញ្ញាសាប្រយុទ្ធបុរសមានចំនួន ១៣ រាជធានីខេត្ត ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ហើយវិញ្ញាសាប្រយុទ្ធបុរសមានចំនួន ៨ រាជធានីខេត្ត ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ វិញ្ញាសាគុនគ្រូបុរសមាន ៤ ក្លិប គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកណ្តាល និងខេត្តស្វាយរៀង និងវិញ្ញាសាគុនគ្រូបុរសមាន ៤ ក្លិប គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកណ្តាល និងខេត្តមណ្ឌលគិរី ។ វិញ្ញាសាប្រយុទ្ធបុរសមានកីឡាករ ចំនួន ១០១ នាក់ គិតត្រឹមថ្ងៃនេះ ហើយដល់ប្រកួតជាផ្លូវការអាចមាន ចំនួនកីឡាករកើនឡើងទៀត ពីព្រោះសហព័ន្ធបានជូនដំណឹងទៅក្លិប និងសមាគមទំាង២៥ រាជធានីខេត្ត នៅទូទាំងប្រទេសកម្ពុជា ។ ដូច្នេះថ្នាក់ដឹកនាំកីឡាករ-កីឡាការិនីត្រូវបញ្ជូនក្រុមអត្តពលិកឆ្នើមៗចូលរួមការប្រកួតខាងលើនេះ ព្រោះនេះជាការ ប្រកួតជើងឯកថ្នាក់ជាតិ ។

លោកអនុប្រធានទី ១ បានបន្តថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ត្រូវលើកកម្ពស់ឲ្យមានការរៀបចំ កាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីស្វែងរក ម្ចាស់ឯកល្អៗប្រចាំវិញ្ញាសានីមួយៗ ការរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមការប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូឧបត្ថម្ភដោយព្រឹត្តិការណ៍ប្រកួតទាំងមូល ។ ចំពោះការទទួលហូបចុកស្នាក់នៅ របស់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡា ការិនីមក តាមសមាគម រាជធានី-ខេត្តទាំងអស់ ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ដោយសហព័ន្ធផ្ទាល់រយៈពេល៥ថ្ងៃពេញតែម្តង ។
លោកមអនុប្រធានក៏បានស្នើសុំឲ្យសមាគមចូលរួលទាំងអស់បញ្ជូនកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរដែលល្អៗបំផុតប្រចាំក្លឹបមកចូលរួមប្រជែងម្ចាស់ដំណែងជើងឯក ប្រចាំព្រឹត្តិការណ៍នេះឲ្យបានល្អប្រសើរ ពីព្រោះប្រាក់រង្វាន់លើកទឹកចិត្តឆ្នាំនេះក៏ត្រូវបានបង្កើនច្រើនជាងបណ្តាឆ្នាំមុនៗ ។ ម្ចាស់ជើងឯក នៃប្រភេទទម្ងន់នីមួយៗ គឺជាតំណាងនៃជម្រើសជាតិ សម្រាប់ត្រៀម ចូលរួមប្រកួតកម្រិតអន្តរជាតិ នាពេលខាងមុខ ។ ដូច្នេះលោកអនុប្រធាន សង្ឃឹមជឿជាក់ថា គ្រប់ភាគីពាក់ព័ន្ធ នឹង ចូលរួមអនុវត្តតាមផែនការ ដែលបានគ្រោងទុក ដើម្បីរួមគ្នាជំរុញ ឱ្យការប្រកួត កម្រិតបច្ចេកទេសខ្ពស់បំផុត ថ្នាក់ជាតិមួយនេះដំណើរ ការដោយរលូន និងជោគជ័យ ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ក៏បានមានប្រសាសន៍ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដើម្បីបង្កើនគុណភាពនៃការរៀបចំ និងបន្តការអភិវឌ្ឍវិស័យ កីឡាប្រពីណីវប្បធម៌ជាតិខ្មែរមួយនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកប្រធានបានជំរុញ ឲ្យថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាកណ្តាល ចៅក្រម ព្រមទាំងប្រតិភូសមាគម ក្លិបរាជធានីខេត្តចូលរួម ប្រកួតជើងឯកថ្នាក់ជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការលើកកម្ពស់ដល់ព្រឹត្តិការណ៍ទាំងមូលទទួលបានជោគជ័យ ។

លោកប្រធានសហព័ន្ធ ក៏បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី តាមរយៈសមាគម-ក្លិបរាជធានី-ខេត្តត្រូវប្រកួតឲ្យអស់ពីសមត្ថភាព ការគោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន ដើម្បីឲ្យសហព័ន្ធស្វែងរកធនធានប្រកបដោយគុណភាពខ្ពស់ៗ ក្នុងព្រឹត្តិការណ៍នេះ សម្រាប់ជាតិមាតុភូមិផងដែរ៕
ដោយ៖លី ភីលីព

Most Popular

To Top