កីឡា

លោក ទៀ ស្យាម ៖ ប្រកួត Off-Road ជាលក្ខណៈអន្តរជាតិ នឹងជួយបង្កើនការ លើកស្ទួយវិស័យរថយន្ត (Off Road) នៅកម្ពុជា កាន់តែរីកចម្រើន

ភ្នំពេញ ៖ ក្រុមកីឡាករមហាគ្រួសាររថយន្ត Off Road កម្ពុជា នឹងទៅចូលរួមប្រកួត កីឡាប្រណាំងរថយន្ត Off Road ជាមួយក្រុមកីឡាករជើងខ្លាំងរបស់ថៃ និងក្រុមកីឡាករមកពីប្រទេសផ្សេងទៀត ក្នុងព្រឹត្តិការណ៍ប្រកួត រថយន្តឆ្លងកាត់ឧបសគ្គ ខាវណយឆ្នាំ២០២៤ (Khao Noi Off Road 2024) នាខេត្តរ៉ាក់យង្គ (Rayong) ប្រទេសថៃ ។

លោក ទៀ ស្យាម ប្រធានមហាគ្រួសារ រថយន្ត Off Road កម្ពុជា បានមានប្រសាសន៍ថា ការចូលរួមប្រកួតជាលក្ខណអន្តរជាតិនេះ នឹងជួយបង្កើន ការលើកស្ទួយវិស័យ រថយន្តឆ្លងកាត់ ឧបសគ្គ (Off Road) នៅប្រទេសកម្ពុជា កាន់តែរិកចំរើន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ រវាងភាគីកម្ពុជា និងភាគីថៃ ក្នុងក្របខណ្ឌវិស័យរថយន្ត ឆ្លងកាត់ឧបសគ្គ ជាពិសេសការបង្កើនសមត្ថភាពផ្នែកបច្ចេកទេសការកែច្នៃរថយន្ត និងទទួលបានបទពិសោធន៍ថ្មី យកមកចែករម្លែក នៅកម្ពុជា ។

លោក ព្រំ រស្មី កីឡាកររថយន្តឆ្លង កាត់ឧបសគ្គកម្ពុជា បានឲ្យដឹងថា ក្រុម Off-Road កម្ពុជា មានក្ដីសង្ឃឹមខ្ពស់ ក្នុងការដណ្ដើមពាន ដោយសារក្រុមកីឡាករកម្ពុជា ក៏មានបទពិសោធន៍ ធ្លាប់ប្រកួតច្រើនលើក ព្រមទាំងមានការអភិវឌ្ឍបច្ចេកទេស និងឧបករណ៍សម្ភារៈទំនើប។ លោក បន្តទៀតថា ណាមួយលើកនេះយើងប្រកួតវិញ្ញាសាឯកត្តជន អញ្ចឹងងាយស្រួលជាង ណាមួយមានក្រុមការងារ ជួសជុលច្រើន មានរថយន្តច្រើន មានគ្រឿងច្រើនអាចផ្លាស់ប្តូរ និងជួយគ្នាបាន ។

គួរជម្រាបថា ព្រឹត្តិការណ៍ Khao Noi Off Road 2024 នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១-៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានការចូលរួម ពីក្រុមកីឡាករជាច្រើន ប្រទេស ដូចជា ថៃ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាមជាដើម។ ព្រឹត្តិការណ៍នេះ ជាការប្រកួតដ៏ល្បីល្បាញ ក្នុងប្រទេសថៃ និងក្នុងតំបន់អាស៊ាន។ សម្រាប់កម្ពុជាបញ្ជូន រថយន្ត Off-Road ៤គ្រឿងទៅចូលរួមប្រណាំង និងរថយន្តសេវាកម្មជួសជុល៦គ្រឿង សរុប១០គ្រឿង រួមជាមួយកីឡាករនិង ក្រុមការងារ១៨នាក់ ៕

Most Popular

To Top