អ្នកប្រដាល់ដើមកំណើតពីខេត្តព្រៃវែង ធឿន ធារ៉ា ថាបើទោះជាបច្ចុប្បន្ននេះឈ្នះច្រើនស្ទើរគ្រប់កម្មវិធី ស្ទើរគ្រប់សង្វៀនបែបនេះក្ដី ប៉ុន្តែសមត្ថភាពខ្លួនមិនទាន់ល្អដាច់គេនៅកម្ពុជា ឬល្អខ្លាំងនោះឡើយ។
ធឿន ធារ៉ា (រូបភាពហ្វេសបុក ធារ៉ា)ធឿន ធារ៉ា បានឲ្យដឹងថា តាមដែលម្ចាស់កម្មវិធីប្រដាល់មួយចំនួនលើកឡើងថាខ្លួនល្បីដល់បរទេស មានគេស្គាល់ច្រើនពិសេសស្នៀតកែងដ៏ប៉ិនប្រសព្វយ៉ាងណាក្ដី ប៉ុន្តែខ្លួនមិនទាន់ពេញចិត្ត និងទទួលយកថាជាកីឡាករល្អដាច់គេនៅកម្ពុជានោះទេ។
កូនសិស្សលោក អេ ភូថង រូបនេះបន្ថែមទៀតថា មែនទែនទៅគឺខ្លួននៅមានចំណុចខ្វះខាតដែលត្រូវបំពេញបន្ថែមទៀត។ ចំណុចដែលខ្លួនមើលឃើញថាត្រូវបំពេញ ឬពង្រឹងនោះគឺកម្លាំងស៊ុហ្វតែម្ដង ពោលលុះត្រាណាឡើងប្រកួតលែងហត់ទើបហៅថាសមត្ថភាពល្អខ្លាំងដល់កម្រិតកំពូល។ យ៉ាងណា ធារ៉ា ក៏បានសន្យាជាមួយប្រិយមិត្តថាខ្លួននឹងខំប្រឹងប្រែងបន្តទៀតដើម្បីឡើងប្រកួតឲ្យជក់ចិត្តជូនអ្នកទស្សនា ឬប្រិយមិត្តពេញចិត្តរាល់ការប្រកួតរបស់ខ្លួនម្ដងៗ។
បញ្ជាក់ដែរថា ធឿន ធារ៉ា ជាកីឡាករកំពុងល្បីឈ្មោះនៅកម្ពុជា រូបគេឈរលំដាប់កម្រិត A ហើយនៅពេលបច្ចុប្បន្ននេះ។ ធារ៉ា កំពុងមានអ្នកគាំទ្រច្រើនរាល់ពេលប្រកួតម្ដងៗគឺមានទស្សនាច្រើនទាំងនៅសង្វៀនផ្ទាល់ និងតាមបណ្ដាញសង្គម។ កូនសិស្សលោក អេ ភូថង រូបនេះតែងតែមានមុខក្នុងការប្រកួតធំៗ និងមានតម្រូវការច្រើនពីបណ្ដាស្ថានីយទូរទស្សន៍ក្នុងស្រុកនាពេលឥលូវនេះ៕
ប្រភព៖ sabay