ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកប្រដាល់កម្ពុជា សូត្រ វាសនា ក្លិបបក្សីស្លាបដែក បានឈ្នះពិន្ទុអ្នកប្រដាល់ថៃ Noeng Trakarn ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម ។

អ្នកលេងជង្គង់ស្រួច កែងរន្ទះ អ្នកប្រដាល់កម្ពុជា សូត្រ វាសនា ក្លិបបក្សីស្លាបដែក ប្រកួតឈ្នះពិន្ទុអ្នកប្រដាល់ថៃ Noeng Trakarn ក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ អ្នកប្រដាល់ថៃ Noeng Trakarn ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប តែគេហាក់ដូចជាញញើតកែង និងជង្គង់របស់វាសនា ។
ស្ថានភាព នៃការប្រកួតអ្នកប្រដាល់ថៃរូបនេះ មិនសូវជាមានឧិ៍កាសវ៉ៃចេញឡើយ គឺគេការពារច្រើនជាង ហេតុនេះហើយ ទើបគេទទួលបរាជ័យ។
អ្នកប្រដាល់កម្ពុជា វីវ៉ា សាវ៉េត ក្លិបមេសថ្ងកប្រកួតចាញ់ ពិន្ទុអ្នកប្រដាល់ឡាវ SingYai ហើយនេះជាលើកទី២ហើយ ដែលអ្នកប្រដាល់ឡាវរូបនេះ មកប្រកួតនៅស្រុកខ្មែរ ដែលមកពីលើកទី១ នាចុងឆ្នាំ២០២៣ គេប្រកួតស្មើពិន្ទុ ជាមួយអ្នកប្រដាល់កម្ពុជា ថុល មករា ក្លិបនាយកដ្ឋានអង្គរក្ស ។

អ្នកប្រដាល់ឡាវ រូបនេះ ពិតជាធ្វើបានមែនការវ៉ៃចេញ របស់គេរហ័ស ប្រកបដោយកលល្បិច និងចំគោលដៅបានច្រើន មិនតែប៉ុណ្ណោះ គេក៏ការពារបានល្អទៀតផង ។ ការប្រកួតទាំង ៥ ទឹក គេមានប្រៀបស្ទើរតែទាំង៥ទឹកពេញតែម្ដង ។ អ្នកប្រដាល់ឡាវរូបនេះ សមនឹងបានទទួលជ័យជំនះមែន ។

ចំណែកអ្នកប្រដាល់កម្ពុជា ធី វ៉ារិទ្ធ ក្លិបធីណារិទ្ធគុនខ្មែរ ប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃNiev Vangchan ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។ នេះជាលើកទី២ហើយដែលអ្នកប្រដាល់ថៃរូបនេះ មកប្រកួតនៅស្រុកខ្មែរ ដែលលើកដំបូងគេប្រកួតចាញ់ពិន្ទុម៉ន ព្រហ្មម៉ាញក្លិបពន្លឺថ្មីព្រែកឯង ដោយពិន្ទុ ។ មុនពេលប្រកួតទាំងធី វ៉ារិទ្ធទាំង Niev Vangchan សុទ្ធតែបង្ហាញពីជំនឿចិត្តថា ពួកគេនឹងឈ្នះ ក្នុងការប្រកួតនេះដូចគ្នា ។
ការប្រកួត ដែលមានលក្ខណៈតឹងតែងពេញទាំង៥ទឹក នោះទាំងសងខាងសុទ្ធតែព្យាយាម ប្រើគ្រប់ កលល្បិចប្រជែង យកជ័យជំនះ ដូចគ្នាតែទោះជាព្យាយាម យ៉ាងណាក៏លទ្ធផលចុងក្រោយ បានត្រឹមតែស្មើពិន្ទុគ្នាប៉ុណ្ណោះ ៕
ដោយ៖លី ភីលីព



