កីឡា

ការប្រកួតបាល់ទាត់ វិលជុំ កុមារ និងយុវជន AIA – ISF Youth League មណ្ឌលក្រុងកំពត ចាប់ផ្តើមហើយ

ខេត្តកំពត ៖ កាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រឹត្តការណ៍បើកការ ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Youth League លើកទី២ ប្រចាំឆ្នាំ២០២៤ នេះនៅមណ្ឌលក្រុងកំពត ដែលប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងបរិវេណពហុកីឡដ្ឋានកំពត នៅជិតរង្វង់មូលធូរេន ក្រុងកំពត ចាប់ផ្តើមជាផ្លូវការហើយ ដោយការប្រកួតបាល់ទាត់វិលជុំនេះ ជួយគៀងគរប្រមូលផ្តុំកុមារ និងយុវជនជួបប្រទះភាពខ្វះខាត ដោយផ្តល់ឱកាស ដល់ពួកគេចូលរួមលេងកីឡា ដើម្បីស្វែងរកសក្តានុពល ផ្ទាល់ខ្លួន រៀនសូត្រជំនាញបំណិន ជីវិតសំខាន់ៗ និងមានទម្លាប់ល្អ ចំពោះសុខភាពថែមទៀតផង ។

កាលពីថ្ងៃអាទិត្យទី៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ព្រឹត្តការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នៅភ្នំពេញបានដំណើរទៅដោយជោគជ័យ និងបានទទួលស្វាគមន៍កីឡាករ-កីឡាការិនីចំនួន ៧៥ ក្រុម ក្នុងនោះមានក្រុមអត្តពលិក ចូលរួមប្រមាណជាង ១,១៧០នាក់ ។

ថ្លែងក្នុងឱកាសបើកកម្មវិធីប្រកួត បាល់ទាត់វិលជុំនេះ គ្រូបង្វឹកជាន់ខ្ពស់ផ្នែកអភិវឌ្ឍ បាល់ទាត់អន្តរជាតិរបស់ក្លិប Tottenham Hotspur កញ្ញា Shannon Moloney បានសម្ដែងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា តាមរយៈការចូលរួមព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ ខ្ញុំកត់សម្គាល់ឃើញថា វិស័យបាល់ទាត់នៅប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំងមែនទែន ជាពិសេសពេល ដែលខ្ញុំបានឃើញពីសន្ទុះ នៃការចូលរួមយ៉ាងច្រើនកុះករ ពីក្រុមកីឡាការិនី ចូលរួមប្រកួតឆ្នាំ ២០២៤នេះ ។

ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ឆ្នាំនេះនឹងប្រារព្ធទៅនៅខេត្តក្រុងចំនួន៣ រួមមាន រាជធានីភ្នំពេញ ក្រុងកំពត និងខេត្តបន្ទាយមានជ័យ ។ ឆ្នាំនេះគឺជាឆ្នាំទី២ ហើយ ដែលការប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA – ISF Youth League ត្រូវបានរៀបចំការប្រកួត ក្នុងក្រុងកំពត ដោយមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មន្ទីរអប់រំ យុវជន និងកីឡាប្រចាំក្រុងកំពត ។
កិច្ចសហការរវាងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ ក្នុងការរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំនេះ បានសបញ្ជាក់ពីចក្ខុវិស័យ និង ផែនការអនុវត្តន៍របស់ស្ថាប័នទាំងពីរក្នុងការលើកកម្ពស់សិទ្ធិកុមារ និងយុវជនទូទាំងប្រទេស និងបង្កើន លទ្ធភាព ទទួលបានការអប់រំប្រកបដោយគុណភាព និងកីឡា ជាពិសេសកុមារ និងយុវជន ដែលមិនមាន ឱកាសជួយខ្លួនឯង ឲ្យចាកចេញពីភាពក្រីក្រ ។

ព្រឹត្តិការណ៍ប្រកួត បាល់ទាត់វិលជុំកុមារ និងយុវជនប្រចាំក្រុងកំពត បង្ហាញពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រមូលផ្តុំកុមារ និងយុវជនទូទាំងខេត្ត ដើម្បីលើកកម្ពស់វិស័យកីឡាបាល់ ទាត់នៅថ្នាក់ខេត្ត ។ មួយវិញទៀតការប្រកួតវិលជុំនេះក៏បានជួយផ្លាស់ប្រែ ជីវិតកុមារ និងយុវជន និងពង្រីកសមត្ថភាពរបស់ពួកគេ ក្នុងការអភិវឌ្ឍន៍សង្គម និងជំនាញទន់ និងពង្រឹង សមត្ថភាពដើម្បីក្លាយជាកីឡាករអាជីព ។
កម្មវិធីបើកការ ប្រកួតវិលជុំ នៅក្រុងកំពតនេះទៀតសោត នឹងទទួលស្វាគមន៍វត្តមានកីឡាករ-កីឡាការិនី សរុបប្រមាណ ៣៦០ នាក់ មកចូលរួមប្រកួត ប្រជែងទៅ តាមប្រភេទ អាយុផ្សេងៗគ្នា ដូចជាក្រុមអត្តពលិក អាយុក្រោម ១៨ឆ្នាំ អាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១០ឆ្នាំ ហើយពួកគេនឹង ចូលរួមប្រកួតវគ្គជម្រុះប្រចាំក្រុងកំពតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ខាងមុខ ។
ក្រុមឈ្នះប្រចាំក្រុងកំពត នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួត បាល់ទាត់វិលជុំកុមារ និង យុវជន វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ៕

Most Popular

To Top