ខែ្សប្រយុទ្ធ Cristiano Ronaldo មានរបបអាហារយ៉ាងតឹងរ៉ឹង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។
យោងតាមប្រភពដដែល Ronaldo ធ្លាប់និយាយជារឿយៗថា របៀបរបបហាត់ប្រាណដែលល្អ គឺត្រូវគួបផ្សំយ៉ាងចាំបាច់ទៅនឹងរបបអាហារល្អ។ ចំពោះ Ronaldo ការបរិភោគអាហារមានប្រូតេអ៊ីនច្រើន បន្លែ និងផ្លែឈើ ហើយតមអាហារមានជាតិស្ករច្រើន គឺជារឿងសំខាន់សម្រាប់របបអាហាររបស់កីឡាកររូបនេះ។
ក្នុងមួយថ្ងៃ Ronaldo ហូបអាហារ ៦ ពេល នេះមានន័យថា កីឡាករហូបរៀងរាល់ ៣ ទៅ ៤ ម៉ោងម្ដង។ ក្នុងអាហារមួយពេលៗ កីឡាកររូបនេះមិនហូបច្រើនទេ។ ឧទាហរណ៍ចំពោះអាហារពេលព្រឹក Ronaldo ចូលចិត្តបរិភោគ Cheese សាច់ជ្រូក Ham រួមជាមួយផ្លែឈើស្រស់ ហើយនំប៉័ងដុតលាយជាមួយផ្លែប័រ។
លើសពីនេះ អាហារដែល Ronaldo ចូលចិត្តគឺត្រីសមុទ្រ ខ្ទឹមបារាំង ដំឡូងបារាំង និងស៊ុតចៀន។
ពេល Ronaldo ទៅហាងម្ដងៗ កីឡាករច្រើនទទួលទានសាច់គោអាំង (Steak) និងសាឡាត់។ កីឡាករចូលចិត្តតែម្ហូបស្រស់ៗ និងមិនហូបអាហារកកឡើយ។
រីឯភេសជ្ជៈវិញ Ronaldo ចូលចិត្តហូបទឹកធម្មតា ហើយតែងចៀសផឹកស្រា និងភេសជ្ជៈផ្អែម។
Ronaldo ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនសរសើរថា បានថែរក្សារាង និងកម្លាំងថាមពលបានយ៉ាងល្អ ដែលជាកត្តាសំខាន់មួយដែលជួយកីឡាករមានអាជីពបាល់ទាត់ដ៏ជោគជ័យជាង ២០ ឆ្នាំ។ បច្ចុប្បន្នទោះជាមានវ័យ ៣៩ ឆ្នាំក៏ដោយ ក៏កីឡាករនៅមិនទាន់ចូលនិវត្តន៍ ហើយនៅតែជាកីឡាករដ៏សំខាន់មួយក្នុងក្រុម Al-Nassr នៅអារ៉ាប៊ីសាអ៊ូឌីត។ កាលពីចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអ៊ូឌីតតាំងពីចុងឆ្នាំ ២០២២ មក កីឡាករលេងសរុប ៥០ លើកឲ្យក្លឹប និងស៊ុតចូល ៤៤ គ្រាប់៕
ប្រភព៖ https://news.sabay.com.kh/article/1352895#utm_campaign=onpage