ភ្នំពេញ ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានគណៈគ្រប់គ្រង មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំចូលរួម ក្នុងកម្មវិធីប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ជ័យលាភីដល់ម្ចាស់ មេដាយមាស ប្រាក់ និងសំរិទ្ធនៅសាលប្រជុំ មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។

កម្មវិធីប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើឡើង នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមានព្រឹតិ្តការណ៍ការប្រកួត ជ្រើសរើសជើង ឯកអាស៊ីអាគ្នេយ៍ ព្រឹតិ្តការណ៍ការ ប្រកួតជើងឯកអាស៊ី ព្រឹតិ្តការណ៍ការប្រកួតជើងឯក ពីភពលោក និងព្រឹតិ្តការណ៍ការប្រកួត ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២០ មាន ១២ ព្រឹត្តិការណ៍ ក្នុងនោះមាន ១៤ ប្រភេទកីឡា។

១៤ ប្រភេទកីឡារួមមាន កីឡាតេក្វាន់ដូ WT កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡារាំ កីឡាជីជឺតស៊ូ កីឡាប៉េតង់ កីឡាកេរ៉ាតេ កីឡាវ៉ូវីណាម កីឡាកាយវប្បកម្ម កីឡាប្រដាល់សកល កីឡាឃីកប៊ុកស៊ីង កីឡាចំបាប់ កីឡាទូកក្តោង និងព្រឹតិ្តការណ៍ការប្រកួត ការប្រកួតកីឡា សាកលវិទ្យាល័យ អាស៊ីអាគ្នេយ៍ លើកទី២០ ។

ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ជ័យលាភី ដល់ម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធទាំង ១២ ព្រឹត្តិការណ៍មានមេដាយ សរុប មានចំនួន១២៦ គ្រឿង ក្នុងនោះមេដាយមាស ចំនួន២៩ គ្រឿង មេដាយប្រាក់ ៤៦ គ្រឿង និងមេដាយសំរិទ្ធ ៥១គ្រឿង សរុបទឹកប្រាក់ចំនួន ៣ ១៩៤ ៥០០ ០០០ រៀល ប្រគល់ជូនជយលាភីចំនួន ១០២ នាក់ គ្រូបង្វឹក និងគ្រូជំនួយចំនួន ៣៧ នាក់ ៕



