ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា ដើម្បីរៀបចំព្រឹត្តិការណ៍ កីឡាមួយឲ្យមានបទដ្ឋាន ត្រឹមត្រូវ គឺសំខាន់ត្រូវមានមន្ត្រីកីឡា អ្នកជំនាញ កីឡាច្បាស់លាស់ ដោយត្រូវមានអ្នកចេះដឹង ខាងផ្នែកកីឡា ទើបប្រទេសជាតិមួយមានការអភិវឌ្ឍកីឡា និងស្របតាមស្តង់ដា របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។

លោកបណ្ឌិត ថោង ខុន បានលើកឡើងថា ខ្ញុំមានការគិតគូច្រើនណាស់អំពីបញ្ហាកីឡានេះ ដោយប្រជាជនយើង សាធារណមតិយល់ថា កីឡាគ្រាន់តែចេះលេង គឺចប់ហើយ ប៉ុន្តែតាមពិតមិនមែន អ៊ីចឹងទេ ដោយវិស័យកីឡាមានភាព ស្មុគស្មាញច្រើនណាស់ ។ ដើម្បីរៀបចំព្រឹត្តិការណ៍ កីឡាមួយឱ្យមានបទដ្ឋានត្រឹមត្រូវ គឺសំខាន់ត្រូវមានមន្ត្រីកីឡា អ្នកជំនាញកីឡាច្បាស់លាស់ ។

ត្រូវមានអ្នកចេះដឹងខាងផ្នែកកីឡា ទើបប្រទេសជាតិ មួយមានការអភិវឌ្ឍកីឡា និងស្របតាមស្តង់ដា របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ ដូច្នេះការអភិវឌ្ឍវិស័យកីឡា ត្រូវការចាំបាច់ នូវការបណ្តុះបណ្តាលមន្ត្រី ដោយមិនសំខាន់តែទៅលើការ បណ្តុះបណ្តាលកីឡាករ កីឡាការិនីប៉ុណ្ណោះទេ ។

លោកបណ្ឌិត ថោង ខុន ក៏បានផ្តល់ការណែនាំឲ្យសិក្ខាកាម ទាំងអស់ក្រោយបញ្ចប់វគ្គ សិក្សានេះទៅត្រូវយកចំណេះ ដឹងទាំងនេះទៅអនុវត្តផ្ទាល់ ដើម្បីបង្កើនចំណេះដឹង ក្នុងការអភិវឌ្ឍសមត្ថភាពឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសក្នុងដំណើរឆ្ពោះ ទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) លើកទី៥ ឆ្នាំ២០២៩ ហើយនៅឆ្នាំនោះយើង នឹងមានមន្ត្រីកីឡាច្រើនដែរ ប៉ុន្តែនៅតែមិនទាន់គ្រប់គ្រាន់ នៅឡើយទេ ដោយត្រូវបានការវគ្គបណ្តុះបណ្តាល ជាច្រើនទៀត ។

វគ្គសិក្សាសាមគ្គី អូឡាំពិក ស្តីពីរដ្ឋបាលកីឡា (Olympic Solidarity Sports Administrators Courses) ត្រូវបានរៀបចំ ឡើង ដោយ NOCC ពីថ្ងៃទីថ្ងៃទី១២-១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយយោងតាមផែនការ កម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ NOCC។ ជារៀងរាល់ឆ្នាំ NOCC តែងរៀបចំ វគ្គរដ្ឋបាលកីឡានេះចំនួន ៣ ទៅ៤វគ្គ ក្រោមជំនួយឧបត្ថម្ភ របស់អង្គការសាមគ្គី អូឡាំពិក (OS) សម្រាប់បណ្តុះបណ្តាលមន្រ្តីកីឡារបស់ NOCC និងសហព័ន្ធកីឡាជាតិជាសមាជិក ក៏ដូចជាមន្ត្រីនៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ផងដែរ ។

វគ្គសិក្សានេះ មានគ្រូឧទ្ទេស៤រូប រួមមានលោក វ៉ាត់ ចំរើន ឧទ្ទេសនាមស្តីពីប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធកីឡា អង្គការសាមគ្គីអូឡាំពិក ភាពជាអ្នកដឹកនាំ លេងដោយយុត្តិធម៌ ផែនការ កម្មវិធីហ្វឹកហាត់កីឡា ផែនការធ្វើដំណើរ របស់ប្រតិភូកីឡា លោក សុក សារឿន ឧទ្ទេសនាមស្តីពីវេជ្ជសាស្ត្រកីឡា ភោជនាអាហារ និងភេសជ្ជៈសម្រាប់កីឡាករ កីឡាការិនី ការការពាររបួសក្នុងកីឡា និងការសង្គ្រោះបឋម ។

លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត ឧទ្ទេសនាមស្តីពី អភិបាលកិច្ចក្លិប ឬសមាគមកីឡា រដ្ឋាភិបាល និងកីឡា ការធ្វើការជាមួយអ្នកស្ម័គ្រ ការទំនាក់ទំនង ស្ត្រីនិងកីឡា ។ លោក ឯម ហៀង ទីប្រឹក្សាផ្ទាល់ ឯកឧត្តមអគ្គលេខាធិការ NOCC និងជាប្រធានគ្រប់គ្រងវគ្គ ឧទ្ទេសនាមស្តីពីការរៀបចំព្រឹត្តិការណ៍កីឡាមួយ និងការរៀបចំរូបមន្តនៃការប្រកួតកីឡា ៕
ដោយ៖លី ភីលីព

