កីឡា

លោក គួច ហុងជៀក ៖ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមអត្តពលិក រួមទាំងសមាជិក សហព័ន្ធទាំងអស់ ខិតខំប្រឹងប្រែង អភិវឌ្ឍវិស័យកីឡាហាប់គី

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានប្រគល់ជូនលិខិតបញ្ជាក់ វិញ្ញាបនបត្រ និងសញ្ញាបត្រខ្សែក្រវាត់ខ្មៅ សរុបចំនួន២៣នាក់ កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលហ្វឹកហាត់នៃពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីកីឡាករ-កីឡាការិនីបានឆ្លងកាត់ការ ខិតខំហ្វឹកហាត់ រយៈពេល ៦ខែ និង១ឆ្នាំ ។

លោក គួច ហុងជៀក អនុប្រធានតំណាងឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែកីឡាហាប់គីដូបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកីឡាករ -កីឡាការិនី រួមទាំងសមាជិកសហព័ន្ធទាំងអស់ ដែលខិតខំប្រឹងប្រែង អភិវឌ្ឍវិស័យ កីឡាហាប់គីដូរយៈពេលខ្លី ប៉ុន្តែយើង ទទួលបានលទ្ធផល ល្អជាបន្តបន្ទាប់ ។
ដូច្នេះតាមរយៈការប្រឹងប្រែង ហ្វឹកហាត់របស់កីឡាករ-កីឡាការិនី គឺជាស្មារតីមួយ មិនមែនហ្វឹកហាត់ ដើម្បីប្រកួតយកឈ្នះចាញ់ ជាមួយអ្នកណាម្នាក់ឡើយ ។

លោកអនុប្រធានបានបន្តថា កីឡាករ-កីឡាការិនីត្រូវមានស្មារតីកីឡា នៃការហ្វឹកហាត់ដើម្បីសុខភាពខ្លួនឯង ដើម្បីឲ្យមានសមាធិផ្លូវចិត្ត ដោយកាលណា យើងមានសមាធិផ្លូវចិត្ត គឺចេះអត់ធ្មត់ជាងអ្នកដទៃ ដែលជាមិនមែនជាអ្នកកីឡា ។ ដូច្នេះស្មារតីកីឡានេះហើយធ្វើឲ្យ មានចិត្តអំណត់ មិនបែកអារម្មណ៍ទៅណាផ្សេងនោះហើយ ហៅថា សមាធិ ហើយបង្កើតបានទៅជាបញ្ញា ដើម្បីគោលដៅជីវិតខ្លួនឯង ឲ្យកាន់តែល្អប្រសើរ»។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរ កីឡាហាប់គីដូបានឲ្យដឹងថា យោងតាមការខិតខំប្រឹងប្រែង ហ្វឹកហាត់ របស់កីឡាករ កីឡាការនី ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល បច្ចេកទេសកីឡាហាប់គីដូ អស់រយៈពេល ប្រាំមួយខែ និងរយៈពេលមួយឆ្នាំមក បានបញ្ចប់វគ្គតាមកម្រិតនីមួយៗ ដោយជោគជ័យ។ កីឡាករ កីឡាការនី ដែលបានឆ្លងកាត់ការហ្វឹកហាត់អស់រយៈពេលប្រាំមួយខែបានបញ្ចប់កម្រិតលិខិតបញ្ជាក់។ រីឯកីឡាករ កីឡាការនី ដែលបានឆ្លងការហ្វឹកហាត់រយៈពេលមួយឆ្នាំ បានបញ្ចប់កម្រិតវិញ្ញាបនបត្រ។

វគ្គបច្ចេកទេសកីឡាហាប់គីដូ កម្រិតលិខិតបញ្ជាក់ និងកម្រិតវិញ្ញបនបត្រ រួមមានក្បាច់ និងស្នៀតដូចជា៖ ក្បាច់ដាល់ ២៦ស្នៀត, ក្បាច់ទាត់ ២៩ ស្នៀត, ក្បាច់កាច់ ២៨ស្នៀត, ក្បាច់រង ១៦ស្នៀត, ក្បាច់ដួល ៦ស្នៀត សរុប ១០៥ស្នៀត។ ចំពោះកម្រិតវិញ្ញាបត្រ រួមមាន ក្បាច់ដាល់ ៣៣ ស្នៀត, ក្បាច់ទាត់ ៤៣ស្នៀត, ក្បាច់កាច់ ៦៣ស្នៀត, ក្បាច់រង ១៦ ស្នៀត និងក្បាច់ដួល មាន១២ ស្នៀត សរុប មានចំនួន ១៦៧ ស្នៀត។

លិខិតបញ្ជាក់បាន ប្រគល់ជូនដល់កីឡាករ កីឡាការិនី ៩នាក់ (កីឡាករ ៤នាក់ និងកីឡាការិនី ៥នាក់) វិញ្ញាបនបត្របាន ប្រគល់ជូន៥នាក់ (កីឡាករ ៣នាក់ និងកីឡាការិនី ២នាក់)។ ចំពោះសញ្ញាបត្រ ខ្សែក្រវាត់ខ្មៅ ដែលបានប្រគល់ ជូនដល់សិស្សគុន៩នាក់ មានខ្សែក្រវាត់ខ្មៅ១ជាន់ ៤នាក់, ខ្សែក្រវាត់ខ្មៅ ២ជាន់ ៤នាក់, ខ្សែក្រវាត់ខ្មៅ ៣ជាន់ម្នាក់ (ខ្សែក្រវាត់ខ្មៅជាកីឡាករទាំងអស់)។

លោក គង់ ចាន់ធីណា បញ្ជាក់បន្ថែមថា ចំពោះកម្រិត ខ្សែក្រវាត់ខ្មៅ គឺ ត្រូវហ្វឹកហាត់ រយៈពេល ២ឆ្នាំ សម្រាប់ការឡើង ខ្សែខ្មៅ ១ជាន់, ខ្សែក្រវាត់២ជាន់ត្រូវហាត់៣ឆ្នាំ, ខ្សែក្រវាត់ខ្មៅ៣ ជាន់ត្រូវមកហាត់ និងបង្ហាត់រយៈពេល៤ឆ្នាំ នេះជាគោលការណ៍បច្ចេកទេស ក្នុងការផ្តល់ ជូនកម្រិតខ្សែក្រវាត់របស់សហព័ន្ធ៕
ដោយ៖លី ភីលីព

Most Popular

To Top