កីឡា

ក្រសួងការពារជាតិ គ្រងជើងឯក ការប្រកួតកីឡាប្រដាល់ ឃីកបុកស៊ីង​ ជើងឯកថ្នាក់ជាតិ ២០២៣

ភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់ ឃីកបុកស៊ីងកម្ពុជា ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយក្រសួងការពារជាតិ ឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយច្រើនជាងគេ ក្នុងចំណោម ១១សមាគម ក្រសួង រាជធានី-ខេត្ត ។

ក្នុងឱកាសពិធីបិទការប្រកួត ដោយមានអញ្ជើញពីលោក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ លោក ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ និងជាអនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាទីប្រឹក្សាជន់ខ្ពស់ សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងលោក អ៊ុក ឌីម៉ង់ អគ្គនាយករងតំណាង លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ។

ក្រសួងការពារជាតិដណ្តើមបានមេដាយមាស ៥គ្រឿង និងមេដាយប្រាក់ ៥ ខេត្តស្វាយរៀង ឈរលេខ២ មេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ ខណៈខេត្តកណ្តាល មេដាយមាស និងសំរឹទ្ធ ៣គ្រឿង ចំពោះ៥សមាគម ក្រសួង រាជធានី-ខេត្ត ដូចជាក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ សៀមរាប កែប និងបាត់ដំបង ឈរនៅលេខរៀង បន្តបន្ទាប់ ដោយទទួលបានមេប្រាក់១គ្រឿង ដូចៗគ្នា និងខេត្តកំពង់ឆ្នាំង និងមណ្ឌលគិរីមិនទទួលបានមេដាយសោះ ។

ការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ រយៈពេល៣ថ្ងៃពីថ្ងៃទី២៧-២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយ អនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា និងផែនការថវិកាគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា និងកិច្ចសហការជួយឧបត្ថម្ភគាំទ្រពីដៃគូបានជំរុញ ឲ្យព្រឹត្តិការណ៍ទាំងមូលដំណើរដោយរលូន តាមការគ្រោងទុក។
ការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ជ្រើសរើសជើងឯកថ្នាក់ ជាតិប្រចាំឆ្នាំ២០២៣នេះ មាន១១សមាគម ក្រសួង រាជធានី ខេត្ត ចូលរួមប្រកួត កីឡាករ-កីឡាការិនី សរុបមានចំនួន ៧៥នាក់ (នារី១៥នាក់) ប្រតិភូ-គ្រូបង្វឹក២២នាក់ មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ចំនួន៤៥នាក់ សរុបរួមចំនួន ១៤២នាក់ ៕

Most Popular

To Top