កីឡា

អង្គការផ្កាយសមុទ្រ ប្រកាសបើកការ ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial ប្រចាំឆ្នាំ២០២៤ ជាផ្លូវការ

ភ្នំពេញ ៖ កាលពីថ្ងៃសៅរ៍ ទី២ ខែមីនា កន្លងទៅនេះ អង្គការផ្កាយសមុទ្រ ហៅកាត់ថា ISF បានរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial – ISF ប្រចាំឆ្នាំ របស់ខ្លួន ដោយព្រឹត្តិការណ៍បាល់ទាត់ ប្រចាំឆ្នាំមួយនេះ បានប្រមូលផ្តុំ កីឡាករចំនួន ៦១២ នាក់ មកពី ៥១ ក្រុមមកពីរាជធានីខេត្តក្រុងចំនួន ៩ ក្នុងចំណោម ២៥ ខេត្ត ក្រុង នៅទូទាំងប្រទេសកម្ពុជា ចូលរួមប្រកួតទៅ តាមប្រភេទអាយុដូចជា កីឡាករអាយុក្រោម ១៦ឆ្នាំ អាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១០ឆ្នាំជាដើម ។

ក្រុមទាំងនេះនឹងប្រកួតសរុបចំនួន ១២៣ ប្រកួត ជាការសន្សំពិន្ទុឆ្លង ទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមជើងខ្លាំងឈ្នះក្នុងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវបន្តទៅវគ្គផ្តាច់ព្រ័ត្រ ។ ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី១០ហើយ ដែលអង្គការផ្កាយសមុទ្រ ជាអង្គការក្រៅរដ្ឋាភិបាល មួយធ្លាប់ទទួលបានពានអន្តរជាតិ បានបន្តរួមសហការ ជាមួយនឹងមូលនិធិ Ian Thompson Memorial ។

លោក Ian Thompson គឺជាអ្នក គាំទ្រវិស័យកីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងារ របស់អង្គការផ្កាយសមុទ្រ ក្នុងការកាត់បន្ថយភាពក្រីក្រ តាម រយៈឱកាសប្រកបដោយសមធម៌ ដើម្បីទទួលបានការអប់រំ សេវាថែទាំសុខភាព និងកីឡាជាដើម ។ ក្នុងគោលបំណងរក្សា នូវកេរ្តិ៍ដំណែល របស់ឪពុក លោក Alistair ជាកូនប្រុសបានបន្តផ្តល់ការ ឧបត្ថម្ភគាំទ្រក្នុងការរៀបចំ ព្រឹត្តិការណ៍ ប្រកួតបាល់ ទាត់កុមារានេះតរៀងមក ចាប់តាំងពីឪពុករបស់លោក បានទទួលមរណភាព ។

កីឡាករវ័យក្មេងទាំងអស់នេះ នឹងមកជួបជុំគ្នានៅទីលានបាល់ទាត់ សម្រាប់ការប្រកួតពេញមួយថ្ងៃ ហើយវាក៏ជាបទ ពិសោធន៍មួយ ដែលពួកគេប្រហែល ជាមិនធ្លាប់ជួបប្រទះ ពីមុនមកនៅទីណា ផ្សេងនោះឡើយ ។ កម្មវិធីបាល់ទាត់ របស់អង្គការផ្កាយសមុទ្រ ធ្វើការដោយផ្ទាល់ជាមួយនឹង កុមារជាច្រើន ដែលជួបប្រទះការលំបាក និងកំពុងរស់នៅក្នុងសហគមន៍ មួយចំនួន ដែលភាពក្រីក្រ ការរើសអើង ផ្នែកសង្គម និងកង្វះឳកាសជារឿយៗ គឺជាកត្តាចម្បង នាំឲ្យពួកគេមានទម្លាប់ បញ្ចេញអាកប្បកិរិយាមិនល្អផ្សេងៗ ។

អង្គការផ្កាយសមុទ្រផ្តល់ឳកាសឲ្យកុមារលេង កម្សាន្ត និងការអប់រំ ដោយជាមួយគ្នានេះ ក៏បានលើកកម្ពស់ដល់ ជម្រើសជីវិតប្រកប ដោយសុខភាព សមភាព និងការចូលរួមផ្នែក សង្គមសកម្មទៀតផង ។ លើសពីនេះទៅទៀត កម្មវិធីបាល់ទាត់មួយនេះ ក៏បានផ្តល់ឳកាសក្នុងការទទួល បានវគ្គបណ្តុះបណ្តាលបាល់ទាត់ និងការប្រកួតប្រជែងកីឡា ទៅដល់កុមារ និងយុវជនគ្រប់ភេទ និង ពិការភាព ដោយបន្តធ្វើ ការអភិវឌ្ឍចំណេះដឹងផ្នែកសង្គម ការអប់រំ ជំនាញបំណិនជីវិត ជំនាញការងារ និង ភាពជាអ្នកដឹកនាំផងដែរ ។

ព្រឹត្តិការណ៍នេះជានិច្ចកាល គឺជាការរំលេចឲ្យឃើញពីភាពរីកចម្រើនយ៉ាងសំខាន់ប្រចាំឆ្នាំរបស់កុមារទាំងនេះ ដែលស្ទើរតែ មិនទទួលបានឳកាសចូលរួមក្នុងប្រកួតប្រជែងក្នុងកីឡា និងបង្ហាញទេពកោសល្យរបស់ពួកក្នុងការធ្វើការងារជាក្រុម ទឹក ចិត្តស្រឡាញ់កីឡា និងការសហការគ្នាលើទីលានជាដើម ។ តាមរយៈការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បែបនេះ ពួកគេនឹង រៀនសូត្រនូវជំនាញសំខាន់ៗ ដូចជា ការប្តេជ្ញាចិត្តជាកម្លាំងចលករដ៏សំខាន់ឆ្ពោះទៅរកភាពជោគជ័យ និងភាពតស៊ូធន់ទ្រាំ នៅពេលពួកគេចាញ់ក្នុងការប្រកួតទៀតផង ។

អំពីអង្គការផ្កាយសមុទ្រ៤៩ ភាគរយនៃកុមារកម្ពុជាកំពុងតែរស់នៅក្នុងភាពក្រីក្របណ្តាលមកពីកត្តាផ្សេងៗ ។ ចាប់តាំងពីឆ្នាំ ២០០៦មក អង្គការផ្កាយសមុទ្រគឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបានទទួលស្គាល់ជា អន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំសុខភាព និង កុមារភាព ដែលពួកគេ សាកសមនឹងទទួលបាន ។ កិច្ចគាំទ្ររបស់អង្គការនេះមានគោលបំណងពង្រីកសក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ។

សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ បោះបង់ការសិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្សអាចចូលរៀនថ្នាក់ដ៏ សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួមចំណែកជួយកាត់បន្ថយឧបសគ្គនានា នាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភគាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅ សាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀង រាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រគាំទ្រ ដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត្រចាប់ពីថ្នាក់ពន្លឿន រហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗ របស់អង្គការផងដែរ ។
កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់សស្រាំ ដើម្បី ពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹងសុខភាព ដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម តាមរយៈការហ្វឹកហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀនកម្មវិធីសិក្សាបាល់ទាត់សង្គមជាដើម ។

ដោយចូលរួមក្នុងសកម្មភាពនា ក្នុងកម្មវិធីបាល់ទាត់កុមារ និងយុវជនទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗ ដូចជាការធ្វើការងារ ជាក្រុម ភាពជាអ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យ ទាក់ទង និងជាពិសេស យល់ដឹង កាន់តែច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរ អាកាសធាតុ និងផលប៉ះពាល់ នៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិត ជាមានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាអ្នកត្រួសត្រាយផ្លូវ ជួយបង្កើនការចូលរួមរបស់ស្ត្រី និងជនពិការ ក្នុងវិស័យកីឡា និងប្រើប្រាស់បាល់ទាត់ ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម ៕

Most Popular

To Top