ភ្នំពេញ៖ លោក ឡាំង អូណា ដែលបានក្លាយជាប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជាអាណត្តថ្មីបានបង្ហាញក្តីរីករាយយ៉ាងខ្លាំងជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ពស់ថា លោកនឹងប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ដើម្បីជួយជ្រោមជ្រែងដល់សហព័ន្ធកីឡាឡើងភ្នំកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីប្រភេទកីឡានេះនាពេលបច្ចុប្បន្នប្រជាប្រិយហើយក៏ដោយ។
លោកបានលើកឡើងរបស់ឱកាសលោកត្រូវបានសមាជិកបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ អាណត្តិទី៣ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិថ្មី ទី៤ ឆ្នាំ២០២៤-២០២៨របស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។
លោក ឡាំង អូណា បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ដែលសមាជិកទាំងអស់បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនដល់លោក សម្រាប់ដំណែងជាប្រធានសហព័ន្ធបន្តពីអាណត្តិចាស់ពីលោក ម៉ម សុថារិន្ទ បានខិតខំប្រឹងប្រែងអភិវឌ្ឍជំនាញកីឡាឡើងភ្នំជាមួយនឹងសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិចាស់ ជាបន្តបន្ទាប់ក្នុង៣អាណត្តិកន្លងទៅនេះ។
លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការតស៊ូលះបង់ កម្លាំងកាយ កម្លាំចិត្តរយៈពេល ៣អាណត្តិមកហើយនេះ ដែលធ្វើឲ្យប្រភេទកីឡាឡើងភ្នំកម្ពុជាត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ហើយវិស័យកីឡានេះក៏បានរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា។
លោក ឡាំង អូណា ក៏បានប្តេជ្ញាចិត្តខ្ពស់ថា អ្វីដែលលោកឈរនៅទីនេះ នឹងប្រើប្រាស់ធនធាន កម្លាំងកាយចិត្ត រួមជាមួយនឹងសមាជិកទាំងអស់ ព្រមទាំងកីឡាករ-កីឡាការិនីដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យកីឡាឡើងភ្នំកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសនឹងធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជន យុវជន និងថ្នាក់ដឹកនាំ តាមរយៈការប្រឹងប្រែងអភិវឌ្ឍជំនាញប្រភេទកីឡាអូឡាំពិកមួយនេះ។ «គោលបំណងចម្បងរបស់យើងទាំងអស់គ្នា គឺចង់ឲ្យទង់ជាតិកម្ពុជាបង្ហាញនៅលើឆាកអន្តរជាតិ ក្នុងការប្រកួតកីឡាអន្តរជាតិ នាពេលខាងមុខ។ ខ្ញុំសូមប្តេជ្ញាចិត្តថា នឹងប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ដើម្បីជួយជ្រោមជ្រែងដល់សហព័ន្ធកីឡាឡើងភ្នំកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្រាប់សមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាឡើងភ្នំ អាណត្តិថ្មីនេះ មានចំនួន២៥រូប ដោយលោក ឡាំង អូណា ជាប្រធានសហព័ន្ធ, អមដោយអនុប្រធាន៦រូប រួមមានលោក បួនហ៊ីង សុធីយ៉ា, លោក ទុយ ប៊ុនហឿន, លោក ប៊ូ វិរៈ, លោក លន់ យ៉េង, លោក ស៊ឹម រ៉ន និងលោឧត្តមសេនីយ៍ត្រី តេង សុធា។
ចំណែកតំណែងអគ្គលេខាធិការ គឺលោក ជឹម ប្រសិទ្ធ អមដោយអគ្គលេខាធិការរង អមដោយអគ្គលេខាធិការរង៦នាក់ ខណៈអគ្គហេរញ្ញិក គឺកញ្ញា ម៉ម បូរមីណ៍ អមដោយអគ្គហេរញ្ញិករង៣នាក់។ ក្រៅពីនេះ គឺមានសមាជិកចំនួន៩នាក់ទៀត៕ ដោយ៖លី ភីលីព