ភ្នំពេញ ៖ ខួបលើកទី ១១៣ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមប្រធានបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានអប់រំកាយ និងកីឡាបានប្រារព្ធពិធីរំលឹកខួប លើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា និងលោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា ព្រមទាំងមន្រ្តីជានារី ចំនួន ២៧ នាក់ ។

លោក ប៉ែន វុទ្ធី បានលើកឡើងថា ពិធីរំលឹកខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨ មីនា នៅឆ្នាំនេះគឺធ្វើឡើង ក្នុងគោលបំណងរំលឹក ពីប្រវត្តិ នៃការតស៊ូទាមទារសិទ្ធិ សេរីភាពរបស់នារី ទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះជាសកម្មភាព ជំរុញការលើកកម្ពស់ ស្ថានភាព ជីវភាព តម្លៃ ឋានៈ តួនាទី និងសិទ្ធិរបស់ស្រ្តី ដែលជាការរួមចំណែកក្នុងការ លើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ។ លោកស្រី ចៅ សុគន្ធី បាននិយាយថា ស្រី្តបានចូលរួមប្រកួតកីឡា ជាលក្ខណៈអន្តរជាតិ ដោយបានទទួលលទ្ធផល និងស្នាដៃយ៉ាងប្រសើរហើយ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការ អនុវត្តន៍កម្មវិធី នយោបាយនិង យុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលបានយ៉ាងល្អ ។

លោកស្រ្តីក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់នារីក្នុងនាមមន្រ្តី និងកីឡាការិនី និងបានវាយតម្លៃខ្ពស់ ចំពោះការជ្រើសរើសយកប្រធានបទស្តីពី «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» គឺជាប្រធានបទដ៏សំខាន់ និងត្រឹមត្រូវស្របទៅនឹងការវិវឌ្ឍ នៃសង្គមជាតិ និងស្របតាម ផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោត លើបច្ចេកវិទ្យាឌីជីថល ៕


