កីឡា

កិច្ចប្រជុំត្រួតពិនិត្យ ការងារបច្ចេកទេស និងការងារ តាមអនុគណៈកម្មការ នីមួយៗ ត្រៀមការប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៤

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យការងារ បច្ចេកទេស និងត្រួតពិនិត្យការងារ តាមអនុគណៈកម្មការនីមួយៗ ត្រៀមរៀបចំការ ប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ រៀបចំដោយ នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ កីឡានៅសាលប្រជុំ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានិយាយថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលមានប្រតិភូ កីឡាករ-កីឡាការិនី សរុបចំនួន២៧០០នាក់ មកពីបណ្តារាជធានី-ខេត្ត ចំនួន២៥លើ១០ ប្រភេទកីឡា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ-WT តេក្វាន់ដូ-ITF ប៊ូល និងប៉េតង់ គុនល្បុក្កតោ ហែលទឹក និងគុនដាវ ចំពោះទីលានមាន៥ទីតាំង នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យបឹងត្របែក វិទ្យាល័យជា ស៊ីម បឹងកេងកង ពហុកីឡដ្ឋានជាតិ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោកប្រធាន បញ្ជាក់ថា ការប្រកួតគោលបំណង បំផុសសកម្មភាពអប់រំកាយ និងកីឡាតាមគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី-ខេត្ត ជួយឲ្យសិស្សានុសិស្ស មានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើម បានលទ្ធផលល្អ ប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ ។

លោកបានបន្តថា ជីវភាពរស់នៅសុខដុមរមនា លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួត នៅលើឆាកជាតិ និងអន្តរជាតិនានា បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម ។

លោក វ៉ាត់ ចំរើន បានផ្តល់ អនុសាសន៍បន្ថែមល្អៗ មួយចំនួនដើម្បីឲ្យកិច្ចប្រជុំត្រួតពិនិត្យ ការងារបច្ចេកទេស និងត្រួតពិនិត្យការងារ តាមអនុគណៈកម្មការ នីមួយៗ ត្រៀមរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៤ ប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ ៕

Most Popular

To Top