ខ្សែការពារស្លាបវ័យ ២៤ ឆ្នាំ Josh Cavallo បានបង្កើតប្រវត្តិសាស្ត្រដោយសុំដៃគូ របស់ខ្លួនភ្ជាប់ពាក្យ នៅក្នុងបរិវេណក្លឹបអូស្ត្រាលី Adelaide United ដែលជាក្លឹបដែល Cavallo កំពុងចូលរួមជាមួយ នាពេលបច្ចុប្បន្ន។
រូបភាពបង្ហោះដោយ៖ Josh Cavallo
កាលពីពាក់កណ្ដាល សប្ដាហ៍នេះ កីឡាករអូស្ត្រាលី Cavallo បានបង្ហោះរូបមួយចំនួនក្នុងបណ្ដាញសង្គមរបស់រូបគេ ដោយបានបង្ហាញថា រូបគេបានសុំដៃគូក្នុងការភ្ជាប់ពាក្យ ដោយបាននិយាយថា នឹងចាប់ផ្ដើមឆ្នាំថ្មីជាមួយគូដណ្ដឹង។
ក្នុងពាក្យពេចន៍នៃការបង្ហោះខាងលើ Cavallo ក៏បានរំលេចនូវការអរគុណដល់មិត្តរួមក្រុមនៅក្លឹប Adelaide United ដែលបានចូលរួមរៀបចំកម្មវិធីនេះដើម្បីភ្ញាក់ផ្អើលដៃគូរបស់គេបានយ៉ាងជោគជ័យ។
យោងតាមការចុះផ្សាយរបស់ CNN ព្រឹត្តិការណ៍នេះ គឺជាការបោះជំហានមួយកម្រិតទៀត ក្នុងដំណើរលើកកម្ពស់សិទ្ធិកីឡាករ ដែលជាអ្នកស្រលាញ់ភេទដូចគ្នា និងប្រឆាំងការរើសអើងដល់កីឡាករ ដែលជាអ្នកស្រលាញ់ភេទដូច គ្នាក្នុងវិស័យបាល់ទាត់។
តាមពិតទៅ Cavallo ធ្លាប់បង្កើតប្រវត្តិសាស្ត្រម្ដងហើយ កាលពីខែតុលា ឆ្នាំ ២០២១។ នាពេលនោះ កីឡាករបានប្រកាសជាសាធារណៈថា រូបគេគឺជាអ្នកស្រលាញ់ភេទដូចគ្នា។ Cavallo គឺជាកីឡាករទីមួយដែលលេងក្នុងលីគកំពូល ក្នុងវិស័យបាល់ទាត់ពិភពលោក ដែលប្រកាសជាសាធារណៈបែបនេះ។ កាលនោះ មានការចេញសារគាំទ្រ ពីសំណាក់កីឡាករល្បីៗជាច្រើនដែលលេងក្នុងលីគកំពូលៗនៅអឺរ៉ុប រួមមាន Raphael Varane, Gerard Pique និង Marcus Rashford ជាដើម ៕