កីឡា

សហព័ន្ធកីឡាទូក ធ្វើតេស្តជ្រើសរើស ក្រុមជម្រើសជាតិ ប្រចាំឆ្នាំ២០២៤

ភ្នំពេញ ៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានរៀបចំការធ្វើតេស្តិ៍សមត្ថភាព ដើម្បីស្វែងរកធនធាន ក្នុងក្រុមជម្រើសជាតិ ប្រចាំឆ្នាំ២០២៤ ស្របតាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ឯម ម៉ាអូរី និងលោក យិត ភីរៈ អនុប្រធាន សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានអញ្ជើញផ្តល់កិត្តិយស និងសំណេះសំណាល លើកទឹកចិត្តដល់កីឡាករ កីឡាការិនីទូកទាំងអស់ ក្នុងកម្មវិធីធ្វើតេស្ត សមត្ថភាព ជ្រើសរើសចូលក្រុមជម្រើសជាតិ ដែលបានប្រារព្ធធ្វើឡើង នៅបញ្ជាការដ្ឋាន កងទ័ពជើងទឹក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោក គង់ សុភាព អគ្គលេខាធិការរង សហព័ន្ធគូសបញ្ជាក់ថា ចំពោះកីឡាករ កីឡាការិនីចូលរួម មានសរុបចំនួន ៥០នាក់ ហើយសហព័ន្ធជ្រើសរើស យកកីឡាករឆ្នើមៗចំនួន ២០នាក់ និងកីឡាការិនី៦នាក់ និងគ្រូបង្វឹក៤នាក់ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ។
ការធ្វើតេស្តសមត្ថភាពនេះ គឺក្រុមគ្រូបង្វឹកនៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានផ្តោតសំខាន់ លើ៣ចំណុចសំខាន់ៗ ដូចជាការធ្វើតេស្ត លើកាយសម្បទា កម្លំាងកាយ និងគុណភាពបច្ចេទេស ។

ចំពោះសមាសភាពកីឡាករ កីឡាការិនីចូលរួមមកពីក្រសួងមហាផ្ទៃ កងទ័ពជើងទឹក ខេត្តព្រៃវែង ស្វាយរៀង និងខេត្តកោះកុងជាដើម។ លោក គង់ សុភាព បន្ថែមថា សម្រាប់ការជ្រើសរើសជម្រើសជាតិត្រៀមប្រកួតអន្តរជាតិនានា នាពេលខាងមុខនេះ គឺផ្តោតសំខាន់លើប្រភេទវិញ្ញាសាទូកប្រពៃណៃ ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ីង។

ការប្រកួតធ្វើតេស្តជ្រើសរើសកីឡាករ កីឡាការិនី ផ្តោតសំខាន់លើវិញ្ញាសាចំនួន៥ ៖
១. វិញ្ញាសាអាវ៉ង់(Push up)
២. ដូមីណូ (Abdominal muscle)
៣. រត់ចំងាយ ២០០០ម៉ែត្រ (Running 2km)
៤. ឡើងរបាហ្វិច (Chin-up)
៥. អ៊ុំម៉ាស៊ីនរ៉ូអ៊ុង (Rowing Machine)

ដោយឡែកលក្ខខណ្ឌ នៃការចូលរួមប្រកួតរួមមាន៖
១- ត្រូវមានអាយុ ចាប់ពី ១៥ឆ្នាំ ដល់អាយុ ៣០ ឆ្នាំ
២- ត្រូវមានកាយសម្បទាល្អ និងសុខភាពល្អ
៣-ត្រូវចេះហែលទឹក
៤- កំពស់ ចាប់ពី ១៦០ ស.ម ឡើងទៅ (សម្រាប់កីឡាករ)
៥- ទម្ងន់ ចាប់ពី ៦០គីឡូក្រាម ដល់ ៨០គីឡូក្រាម
ការប្រកួតប្រជែងធ្វើតេស្តសមត្ថភាព ជ្រើសរើសកីឡាករ កីឡាការិនី របស់សហ័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា មានកីឡាករសរុប៤០នាក់ កីឡាការនី ១០ នាក់ ក្នុងនោះមានអត្តពលិកមកពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃចំនួន១១នាក់៕

Most Popular

To Top