ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួត កីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៤ ការប្រកួតនេះ រៀបចំដោយស្ថានីយប៉ុស្តិ៍លេខ៥ សហការជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ទទួលបានកាគាំទ្រ យ៉ាងខ្លាំង បន្ទាប់ពីអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ព្រុំ សំណាង ផ្តួលអ្នកកប្រដាល់អ៊ីរ៉ង់ ឲ្យសន្លប់នៅទឹកទី៣ ។
អ្នកប្រដាល់អ៊ីរ៉ង់ Keivan Sokimaniក រូបនេះទោះបីពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរ ក៏ពិតមែនតែគេហាក់ ដូចជាបានស្គាល់សំណាងច្បាប់ណាស់ ពិសេសរាល់ការ វាយចេញ របស់សំណាងគេការពារ បានល្អឥតខ្ចោះ ប៉ុន្តែសំណាងជាអ្នកប្រដាល់ ដ៏មានបទពិសោធន៍នោះ ការវាយចេញ របស់គេមានការប្រែប្រួល រហូតដែលជាហេតុធ្វើឲ្យ Keivan Sokimani ត្រូវបង្ខំចិត្តចុះចាញ់នៅក្នុងទឹកទី៣តែម្ដង ។
ចំណែក អ្នកប្រដាល់គុនខ្មែរ គង់ ហ៊ូវ ក្លិបមហិទ្ធិរិទ្ធមេសថ្ងក បានយកឈ្នះអ្នកប្រដាល់ថៃ Phat Namkham ដោយពិន្ទុ។ អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ សម្រាប់អ្នកប្រដាល់ទាំង២រូបនេះការប្រកួតមានលក្ខណៈតឹងតែងខ្លាំង។ គង់ ហ៊ូវ មានទេពកោសល្យ ក្នុងការប្រើស្នៀត ទាត់ផ្កាប់ចាននោះ បែរជាទាត់ចេញមិនរួចតែទោះជាយ៉ាងណា ក៏ការវ៉ៃចេញរបស់អ្នកប្រគុនខ្មែរ រូបនេះមានប្រសិទ្ធិភាពច្រើន ។
អ្នកប្រដាល់គុនខ្មែរ គង់ ហ៊ូវ បានទទួលជ័យជម្នះ លើកគូប្រកួត ដោយទាំងសងខាងសុទ្ធតែទ្រមខ្លួន ដូចគ្នាហើយជ័យជម្នះ ក៏បានមកទាំងប្រផិតប្រផើយ តែប៉ុណ្ណោះ ពីព្រោះអ្នកប្រដាល់ថៃ Phat Namkham ក៏ជាអ្នកប្រដាល់ជើងខ្លាំង មួយរូបពិបាកនឹងយកឈ្នះណាស់ ។
ចំពោះអ្នកប្រដាល់គុនខ្មែរ រិន សារដ្ឋ ក្លិបនាគនាំសំណាងប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ Pich Bopha ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ PichBopha ធ្លាប់ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរម្ដងដោយគេយកឈ្នះពិន្ទុលើ សោម វិឆ័យ ក្លិបពន្លឺវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យ។
ការឆ្លងដែនមកលើកនេះ ក៏គេមាន ជំនឿចិត្តថានឹងទទួលជ័យជំនះម្ដងទៀត ដោយ ក្ដីសង្ឃឹមក្នុងការប្រជែងយកជ័យជម្នះ លើកនេះគេធ្វើមិនបាន សម្រេចឡើយ គឺបានត្រឹមស្មើពិន្ទុតែប៉ុណ្ណោះ ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ ជិន ចាង ក្លិបឃ្លាំងមឿងកីឡាប្រកួតឈ្នះថា សារិន ក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុពួកគេ ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ សៀវ ង៉ុយ ក្លិបដំរីងគុនខ្មែរ ដែលប្រកួតជាមួយខុនបូឡាក្លិបនាគ នាំសំណាងក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាមទទួលបរាជ័យក្នុងទឹកទី៣ ដោយសារបំពានលើគូប្រកួត៕