ភ្នំពេញ ៖ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាសុំពរជ័យសិរីសួស្ដី ឆ្នាំថ្មី នឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានរៀបចំពិធីសូត្រមន្ត ចំរើនព្រះបរិត្ត លើករាសី ជ័យមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដោយមានការអញ្ជើញ ចូលរួមពីលោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) រួមទាំងសមាជិកប្រតិបត្តិ ជាច្រើនទៀត ។
សូត្រមន្តតាមលក្ខណៈប្រពៃណីជាតិខ្មែរ ក្នុងគោលបំណង រំឭកគុណ និងយកចិត្តទុកដាក់ផ្តល់ភាពកក់ក្តៅដល់ចាស់ៗ ជាព្រឹទ្ធាចារ្យកីឡាមួយចំនួន ដែលកំពុងមានសកម្មភាព បម្រើកីឡា និងតែងតាំងទីប្រឹក្សាជាន់ខ្ពស់បន្ថែម ហើយក៏ជាពិធីមួយជាគំរូល្អ សម្រាប់ក្មេងៗជំនាន់ក្រោយ គោរពតាមផងដែរ។
ពិធីនេះ ត្រូវបានរៀបចំធ្វើឡើង ជារៀងរាល់ឆ្នាំ ព្រោះជាទំនៀមទម្លាប់ និងជាប្រពៃណី របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីបណ្តេញឧបទ្រពចង្រៃ នៃឆ្នាំចាស់ ហើយនាំមកនូវពរជ័យសិរីសួស្តី និងជោគជ័យក្នុងឱកាសចូលឆ្នាំថ្មី ហើយក៏បានបង្ហាញនូវការគោរព និងរក្សាដោយខ្ជាប់ខ្ជួននូវប្រពៃណី វប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ ។
ម្យ៉ាងវិញទៀត ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ និងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់ បរលោក ខាងមុខ សូមរំដោះរួចចាកផុតពីកម្មពារ វេរាទាំងឡាយ និងបានទៅសោយសុខក្នុងឋាន សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ការប្រារព្ធពិធីសូត្រមន្ដ តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា របស់ស្ថាប័នកីឡាកំពូលរបស់កម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងសុំពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិក និងមហាគ្រួសារកីឡាជាតិទាំងអស់ជួបតែសេចក្តីសុខ សេចក្ដីចម្រើន ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ពិសេសបេសកកម្មចូលរួមប្រកួតលើឆាកអន្ដរជាតិ សូមដណ្ដើមបានមេដាយជូនជាតិកាន់តែច្រើន ។
ដូចសព្វមួយដង ក្នុងឱកាសនោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានកោះអញ្ជើញព្រឹទ្ធាចារ្យកីឡាចាស់ៗដែលជាអតីតកីឡាករ-កីឡាការិនី ធ្លាប់តស៊ូប្រកួតប្រជែងលើកកិត្តិយសជាតិ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាចូលរួម ។ មិនតែប៉ុណ្ណោះ លោកបណ្ឌិត ថោង ខុន ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ព្រឹទ្ធាចារ្យកីឡាចាស់ៗសម្រាប់ជាការលើកទឹកចិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលឆាប់ៗខាងមុខផងដែរ៕
ដោយ៖លី ភីលីព