ភ្នំពេញ៖ព្រឹតិ្តការណ៍ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន-យុវនារី ស.ស.យ.កលើកទី១ ឆ្នាំ២០២៤ (1st UYFC Junior Swimming Championships 2024) ដែលមានកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេងចំនួន ១២៧ នាក់នៅអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញបានបើកការប្រកួតជាផ្លូវការហើយ។





លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបាននិយាយថា កីឡាករ-កីឡាការិនីវ័យក្មេងមកពីក្លិប និងសាលាចំនួន២០ ចំនួន១២៧នាក់បានចូលរួម ហើយនេះជាលើកទី១ការប្រកួតដោយមានកីឡាករ-កីឡាការិនីច្រើនសម្រាប់សហព័ន្ធ ក្នុងនោះកីឡាការិនី ៥០ នាក់ និងកីឡាករ ៧៧ នាក់។

លោកអគ្គលេខាធិការបានបន្តថា ការចូលរួមលើសពីការរំពឹងទុកនេះ បង្ហាញឲ្យបានឃើញការចាប់អារម្មណ៍ពីបណ្តាសាលាអន្តរជាតិលើវិស័យកីឡាហែលទឹក ក៏ដូចជាក្លិបហែលទឹកតាមបណ្តាលរាជធានីខេត្តទំាង ២៥ នៅទូទាំងប្រទេសកម្ពុជា។ នេះជាលើកទី ១ ហើយចំពោះការប្រកួតកីឡាហែលទឹកាមានកីឡាករ-កីឡាការិនីចូលរួមរហូតដល់ជាង ២០ក្លិប និងសមាគម។

សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុ ដែលអាចចូលរួមប្រកួតដូចជា កម្រិតទី១ កុមារ៉ា កុមារី អាយុពី១២ឆ្នាំ-១៣ឆ្នាំ (២០១២-២០១១) កម្រិតទី២២ កុមារ៉ា កុមារី អាយុពី១៤ឆ្នាំ-១៥ឆ្នាំ (២០១០-២០០៩) និងកម្រិតទី៣ យុវជន យុវនារី អាយុពី១៦ឆ្នាំ-១៧ឆ្នាំ (២០០៨-២០០៧)៕
ដោយ៖លី ភីលីព
