កីឡា

ល្ហិចល្ហៀង​ថា Neymar ត្រៀម​ត្រលប់ ​ទៅ​ក្លឹប​កំណើត​របស់​ខ្លួន​វិញ ​នៅ​ឆ្នាំ​ក្រោយ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Neymar ត្រៀម​នឹង​ត្រលប់​ទៅ​ក្លឹប​ដើម ​របស់​ខ្លួន​គឺ ក្លឹប Santos នៅ​ឆ្នាំ​២០២៥ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ របស់​សារព័ត៌មាន​ប្រេស៊ីល UOL ។

នៅ​ក្នុង​ពេល​នេះ​ដែរ​ Neymar កំពុង​តែ​លេង​នៅ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al Hilal ដោយ​កុងត្រា​របស់​ខ្លួន ​នឹង​ចប់​នៅ​ឆ្នាំ​ក្រោយ ។
អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ជាង​នេះ​ទៅ​ទៀត​គឺ នៅ​ពេល​ថ្មីៗ​នេះ​ Neymar បាន​ទៅ​ទស្សនា​ប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រ​ពាន Campeonato Paulista នៅ​ប្រេស៊ីល​ រវាង​ក្លឹប Santos និង​ក្លឹបPalmeiras ។ Santos ឈ្នះ​ Palmeiras ក្នុង​លទ្ធផល ១ ទល់​នឹង ០ ។

Neymar ត្រូវ​បាន​គេ​ឃើញ​ថា ទៅ​និយាយ​លេង​ជាមួយ​កីឡាករ​ក្លឹប Santos ហើយ​ថែម​ទាំង​លើក​ពាន​ ដែល​ Santos ទើប​តែ​ឈ្នះ​ទៀត​ផង​។ បន្ថែ​មពី​នេះ​ទៀត មាន​ពាក្យ​ល្ហិចល្ហៀង​ថា Neymar ខ្សឹប​ប្រាប់​កីឡាករ Santos ថា ខ្លួន​សន្យា​នឹង​ត្រលប់​មក​ជួយ​ Santos វិញ។

សូមជម្រាបផង​ដែរ​ថា Neymar បាន​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​នៅ​ឆ្នាំ២០០៩ នៅ​ក្នុង​ក្លឹប Santos។ បន្ទាប់​មក​ទៀត​ តារា​បាល់ទាត់​ប្រេស៊ីល​រូប​នេះ​បាន​ផ្លាស់​ទៅ Barcelona នៅ​ឆ្នាំ២០១៣ បន្ត​ទៀត​ផ្លាស់​ទៅ Paris Saint-Germain នៅ​ឆ្នាំ២០១៧ ហើយ​ទៅ​លេង​នៅ​អារ៉ាប​នៅ​ឆ្នាំ២០២៣៕

Most Popular

To Top