កីឡា

លោក គង់ សក្ខិដា បានកោតសរសើរ និងថ្លែងអំណរគុណ ដល់គណៈកម្មការ រៀបចំការប្រកួត ប្រភេទកីឡាតេក្វាន់ដូ WT និង គណៈប្រតិភូខេត្តនីមួយៗ

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WT មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង គ្រងតំណែងជើងឯក ដោយដណ្តើមបានមេដាយមាស ច្រើនជាងគេក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូ WT សិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដោយឈ្នះមេដាយមាសចំនួន ៣ គ្រឿងខេត្តបាត់ដំបងរបស់ខ្លួន ។

ឱកាសក្នុងពិធីបិទការប្រកួត និងប្រគល់មេដាយ ជូនក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WTនៅល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ ទទួលបានកិត្តិយសអញ្ជើញ ចូលរួមពីលោក គង់ សក្ខិដា អគ្គលេខាធិការរង នៃខេមរសហព័ន្ធតេក្វាន់ដូ WT តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍ នៃក្រសួងអប់រំ យុវជន និងកីឡា ។

លោក គង់ សក្ខិដា បានមានប្រសាសន៍ថា បានកោតសរសើរ និង ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់គណៈកម្មការរៀបចំការ ប្រកួតប្រភេទកីឡាតេក្វាន់ដូ WT ដែលបានរៀបចំការ ប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ដោយរក្សាបាន នូវសុវត្ថិភាព-សុខភាពដល់អ្នកចូលរួម និង សូមថ្លែងអំណរគុណដល់គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលបានគោរពនូវបទបញ្ជាប្រកួតបានល្អប្រសើរ ។

លោកអគ្គលេខាធិការរង បានបង្ហាញការដឹងគុណបំផុត ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង អប់រំ យុវជន និងកីឡា ដែលបានផ្តល់ ឱកាសដល់វិស័យកីឡា ក្នុងនោះខេមរសហព័ន្ធតេក្វាន់ដូ WT បានចូលរួមរៀបចំកម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះឡើង ដើម្បីវាស់ស្ទង់បច្ចេកទេស និងសមត្ថភាពរបស់ក្រុមកីឡាករ-កីឡាការិនីទាំងអស់ ត្រៀមជ្រើសរើសក្រុមថ្នាល ឆ្ពោះទៅរៀបចំការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ។

លោក ជាតិ ខេមរា គណៈកម្មការរៀបចំការ ប្រកួត នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានបញ្ជាក់ថា នៅក្នុងចំណោមវិញ្ញាសាសរុបចំនួន៨ គឺមន្ទីរអប់រំខេត្តបាត់ដំបង ឈរលេខ១ ដែលដណ្តើមបានមេដាយមាស៣ លេខ២ មន្ទីរអប់រំខេត្តសៀមរាប មេដាយមាស ២ ប្រាក់១ និងសំរឹទ្ធ២ មន្ទីរអប់រំខេត្តកំពត ឈរលេខ៣ មេដាយមាស២ ប្រាក់១ និងសំរឹទ្ធ១ ខណៈមន្ទីរអប់រំខេត្តប៉ៃលិន ឈរលេខ៤ ជាមួយនឹងមេដាយមាស១ និងសំរឹទ្ធ១គ្រឿង ។

លោក ជាតិ ខេមរា បានឲ្យដឹងទៀតថា ការប្រកួតនេះបានដំណើរ ការរយៈពេល៣ថ្ងៃ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋាន ជាតិអូឡាំពិក ដោយមានប្រតិភូគ្រូបង្វឹក និងកីឡាករកីឡាការិនីចូលរួមចំនួន ៧៨នាក់ (ស្រី ២៨នាក់) ក្នុងនោះមានកីឡាករ ២៩នាក់ និងកីឡាការិនី ២៣នាក់ មកពីរាជធានី-ខេត្តចំនួន១០។ ឆ្លងកាត់ការប្រកួតកីឡា ក្វាន់ដូ WT នៃព្រឹត្តិការណ៍កីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយរលូន និងគោរព តាមបទបញ្ជាប្រកួតត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដោយពុំមានគ្រោះថ្នាក់ ឬការតវ៉ាណាមួយឡើយ ។
ដោយ៖លី ភីលីព

Most Popular

To Top