កីឡា

លោក វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស NOCC អញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាសិស្សបឋម សិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤

ភ្នំពេញ៖លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអមដំណើរលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញ ក្នុងពិធីបិទ ការប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ជាផ្លូវការនៅពហុកីឡដ្ឋាន ជាតិអូឡាំពិកកម្ពុជា។

លោក វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ទទួលបន្ទុកពិសេស តែងតែចូលរួមគ្រប់សកម្មភាពក្នុងប្រទេសកម្ពុជា ដោយការអញ្ជើញ ចូលរួមពីសំណាក់លោកតំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងលោកទេសរដ្ឋមន្រ្តីថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC)។
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤ ត្រូវបានបញ្ចប់ និងទទួលបានជោគជ័យដ៏ធំធេង ដែលបានប្រកួតអស់រយៈពេល៩ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ លើ១២ប្រភេទកីឡា ហើយមានការចូលរួមពី ២៥ រាជធានីខេត្ត ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមមាន ចំនួន ២៩៦០នាក់។

ក្រុមកីឡាករ-កីឡាការិនីមកពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្តទំាង២៥ បានបញ្ជូនប្រតិភូកីឡាចូលរួម ក្រសួងសុខាភិបាល ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការ ដោយសុឆន្ទៈនិងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង នាំឲ្យការប្រកួតបានដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ។

ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញ នៅលើទីលានប្រកួតទាំង ១២ ប្រភេទកីឡាកន្លងមកនេះ បានកត់សម្គាល់ឲ្យឃើញថា ក្រុមកីឡាករ-កីឡាការិនី តាមប្រភេទកីឡានីមួយៗ បានយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រឹងប្រែងអស់ពីសមត្ថភាព និង ទេពកោសល្យរបស់ខ្លួន ក្នុងការប្រកួតប្រជែង ប្រកបដោយទឹក ចឹត្តក្លៀវក្លា ក្នុងនាមជាអ្នកកីឡា។

កាយវិការដែលក្មួយៗកីឡាករ កីឡាការិនី បានអនុវត្តក្នុងការប្រកួតគឺពិតជាឈរលើស្មារតីទទួលខុសត្រូវ មានការគោរពវិន័យ អនុវត្តតាមបទបញ្ជាបច្ចេកទេស បង្ហាញពីក្តីស្រឡាញ់ និងមានការយោគយល់ អធ្យាស្រ័យគ្នា នេះបញ្ជាក់ថាក្មួយៗ កីឡាករ កីឡាការិនី យល់យ៉ាងច្បាស់ នូវមនសិការកីឡា និងបានផ្សារភ្ជាប់ យ៉ាងជិតស្និទ្ធ នូវចំណងសាមគ្គីភាព ភាតរភាព និងការយោគយល់គ្នា ដែលជាគំរូមួយដ៏ល្អ សម្រាប់អនាគតប្រទេសជាតិរបស់យើង​ ។

លទ្ធផលការប្រកួតអស់រយៈពេល៩ថ្ងៃ មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនៈគិរី ដណ្តើមបានមេដាយច្រើនជាងគេ ឈរលំដាប់លេខ ១ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំងឈរលំដាប់លេខ ២ មន្ទីរអប់រំ យុវជន និងកីឡាខេត្តរាជធានីភ្នំពេញឈរលំដាប់លេខ ៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងឈរលំដាប់លេខ ៤ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលឈរលំដាប់លេខ ៥៕

Most Popular

To Top