ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីកីឡា តុងហ្គីលម៉ូដូកម្ពុជា ដណ្តើមបានមេដាយចំនួន ៤ គ្រឿង នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាតុងហ្គីលម៉ូដូជើងឯក ពិភពលោក Peace Cup លើកទី ១១ នៅទីក្រុង Antipolo ប្រទេសហ្វីលីពីន ថ្ងៃទី៣ ខែឧសភា ដល់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ។

លោក រ៉ែម សំអឿន ប្រធានប្រតិភូបាននិយាយថា កីឡាករ បេង ទីន ទទួលបានមេដាយប្រាក់ ១ គ្រឿងលើវិញ្ញាសារប្រយុទ្ធបុរសឯកត្ដជនទម្ងន់ ៨០ គីឡូក្រាម កីឡាការិនី ជា សុពេក ទទួលបានមេដាយប្រាក់ ១ គ្រឿងលើវិញ្ញាសារប្រយុទ្ធនារីទម្ងន់ ៦៧គីឡូក្រាម កីឡាករ ជោង ធានជីម កីឡាការិនី ជា សុពេក ទទួលបានមេដាយសំរិទ្ធ ១ គ្រឿងលើវិញ្ញាសារសម្ដែងមេគុនជាក្រុម២ នាក់(បុរស-នារី) ។

ការប្រកួតខាងលើមានប្រតភូ កីឡាករ-កីឡាការនីចំនួន ២០ ប្រទេស ដូចជា កម្ពុជា ហ្វីលីពីន ប្រេស៊ីល ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ អ៊ីរ៉ង់ សំប៊ី ម៉ុងហ្គោលី កេនយ៉ា វ៉ានូអាទូ កុងហ្គោ ហុងកុង អេត្យូពី មីយ៉ាន់ម៉ា វៀតណាម កុងហ្គោ Brazzaville ប៉ារ៉ាហ្គាយ ថៃ និងអាមេរិក។

ឆ្លើយតបទៅនឹងការអញ្ជើញ របស់សហព័ន្ធកីឡាតុងហ្គីលម៉ូដូពិភពលោក សហព័ន្ធកីឡាតុងហ្គឺលម៉ូដូ កម្ពុជា បានបញ្ជូនប្រតិភូ កីឡាករ-កីឡាការិនី តុងហ្គីលម៉ូដូកម្ពុជា ចំនួន៥រូបដូចជាលោក រ៉ែម សំអឿន ប្រធានប្រតិភូ លោក June Valenzuela គ្រូបង្វឹក កីឡាករ បេង ទីន កីឡាករ ជោង ធានជីម និងកីឡាការិនី ជា សុពេក។

ថ្វីត្បិតតែកីឡាតុងហ្គីលម៉ូដូ ទើបតែបង្កើតថ្មីក៏ពិតមែន ប៉ុន្តែឆ្លងតាមការប្រកួតខាងលើ យើងអាចវាយតម្លៃ បានថា កម្រិតសមត្ថភាពបច្ចេកទេស របស់កីឡាតុងហ្គីលម៉ូដូយើងអាចមានភាពប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់ និងឆាកអន្តរជាតិ។ ជាក់ស្តែងយើងធ្លាប់ទទួលបានមេដាយសំរឹទ្ធិក្នុងការប្រកួត កម្រិតពិភពលោកនៅប្រទេសកូរ៉េ កាលពីឆ្នាំ២០១៦ និងមេដាយមាស ប្រាក់ និងសំរឹទ្ធិជាច្រើនគ្រឿង ក្នុងការប្រកួតកីឡាតុងហ្គីលម៉ូដូជើងឯក អាស៊ីនៅប្រទេសថៃ និងការប្រកួតកម្រិតពិភពលោក នៅប្រទសឥណ្ឌា ឆ្នាំ២០១៨ ជាដើម ។

ប៉ុន្តែតម្រូវឲ្យយើងបំប៉នហ្វឹកហាត់បន្ថែម ដោយមានការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំសហព័ន្ធ ដែលជំនះរាល់ការលំបាកសព្វបែបយ៉ាង និងបានខិតខំស្វែងរក ការឧបត្ថម្ភគាំទ្រ ពីសប្បុរសជន អង្គការ ដើម្បីដោះស្រាយលើសម្ភារៈបច្ចេកទេសជាច្រើន រួមទាំងការឧបត្ថម្ភក្នុងការហ្វឹកហាត់ និងចំណាយក្នុងការប្រកួតផ្សេងៗ អ្វីដែលលំបាកបំផុតនោះគឺ កីឡាតុងហ្គីលម៉ូដូពុំទានមានទីលានហ្វឹកហាត់ អោយមានលក្ខណៈស្តង់ដានៅឡើយទេ៕
ដោយ៖លី ភីលីព


