កីឡា

លោកបណ្ឌិត មាស សារិន ៖ ការប្រកួតធ្វើឡើង ដើម្បីអបអរសាទរ ចំពោះល្បែងទាញព្រ័ត្រកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបី របស់មនុស្សជាតិ នៃអង្គការយូណេស្កូ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៥

ព្រះសីហនុ ៖ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើង ឯកថ្នាក់ជាតិ ទូទាំងប្រទេស និងពានរង្វាន់ Idol លើកទី១ ឆ្នាំ២០២៤ នាពេលនេះ និងសូមអបអរសាទរ ចំពោះ ល្បែងទាញព្រ័ត្រកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់មនុស្សជាតិ នៃអង្គការយូណេស្កូ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ។

លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានលើកឡើងក្នុងឱកាសបើកការប្រកួត កីឡាទាញព្រ័ត្រជ្រើសរើសជើងឯក ថ្នាក់ជាតិទូទាំងប្រទេស និង ពានរង្វាន់ Idol លើកទី១ ឆ្នាំ២០២៤ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក យូសុះ សូឡៃម៉ាន អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ តំណាងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។

លោកប្រធានបានបន្តថា ល្បែងទាញព្រ័ត្រគឺជាល្បែង ដ៏មានប្រជាប្រិយភាពមានទំនាក់ទំនង នឹងវប្បធម៌ ប្រពៃណីខ្មែរ តាំងពីបុរាណកាលមក ដោយផ្អែកលើភ័ស្តុតាង ដែលមានតម្លៃជាប្រវត្តិសាស្រ្តដូចជា ចម្លាក់នៅលើប្រាង្គប្រាសាទនានា ជាពិសេសនៅលើផ្ដែរ ។
សារមន្ទីរជាតិកម្ពុជា មានដាក់តាំងផ្ដែរ ពីសម័យអង្គរមួយ ដែលមកពីស្រុករំដួល ខេត្តស្វាយរៀង បង្ហាញពីពួកទេវៈ និងពួកអសុរៈចង់បានទឹកអម្រឹត បានរួមគ្នាកូរសមុទ្រទឹកដោះ អស់រយៈពេលប្រហែលមួយពាន់ឆ្នាំ ហើយលេចចេញមកនូវរតនៈសម្បត្តិជាច្រើន ឥតគណនាក្នុងនោះមានព្រះនាងលក្សី្ម ។
ព្រឹត្តិការណ៍នេះមានលក្ខណៈស្រដៀងនឹងល្បែងទាញព្រ័ត្ររបស់ខ្មែរដែរ។ ល្បែងទាញព្រ័ត្រជាល្បែងលេងកម្សាន្តសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្ត្រី កំលោះ ក្រមុំ ។ ល្បែងនេះគេលេងដោយប្រើកម្លាំងកាយ ហើយគេលេងតែក្នុង រដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ ល្បែងទាញព្រ័ត្រនេះ មិនត្រឹមតែបង្កលក្ខណៈ សប្បាយរីករាយ និងការសាកកម្លាំងគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទំាងបង្ហាញ ពីការរឹតចំណងសាមគ្គីភាព ប្រៀបបីដូចទៅនឹងរឿង កូរសមុទ្រទឹកដោះ។

លោកបានបន្ថែមទៀតថា ដើម្បីទទួលបានជ័យជម្នះ ភាគីនីមួយៗ ត្រូវរួមកម្លាំងគ្នា ដោយឥតរាថយ ពួកគេត្រូវសាមគ្គីគ្នា និងប្រើកម្លាំងរួមគ្នាជាធ្លុងមួយ ព្រមទាំងបញ្ចេញសមត្ថភាព ឱ្យអស់ពីក្នុងខ្លួន ដើម្បីយកឈ្នះ ហើយល្បែងទាញព្រ័ត្រនេះ គឺមានដំណាលរឿងពីបុរាណខ្មែរយើង នៅក្នុងរឿងកូរសមុទ្រ ទឹកដោះ ។ អ្វីដែលពិសេសនោះ គឺកីឡាទាញព្រ័ត្រ ក៏ជាប្រភេទកីឡាអូឡាំពិក នៅក្នុងចន្លោះឆ្នាំ ១៩០០ ដល់ឆ្នាំ១៩២០ គឺត្រូវបានដាក់ក្នុងកម្មវិធីប្រកួត កីឡាអូឡាំពិក បានចំនួន ៥លើកផងដែរ ។

បច្ចុប្បន្ន ល្បែងកីឡាទាញព្រ័ត្រមិនត្រឹម តែជាល្បែងប្រពៃណីនោះទេ ថែមទាំងជាកីឡាទាញព្រ័ត្រ កំពុងតែមានការ អភិវឌ្ឍរីកចំរើន និងពេញនិយមផងដែរ ជាក់ស្តែងកន្លងមកនេះក្រុមកីឡាទាញព្រ័ត្រកម្ពុជា ធ្លាប់ទទួលបានមេដាយ លើឆាកអន្តរជាតិផងដែរ ។ ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់ បងប្អូនប្រជាពលទាំងអស់ សូម ចូលរួមលេងកីឡា ដើម្បីសុខភាព ជួយលើកកំពស់សុខមាលភាព និងជៀសឆ្ងាយពីគ្រឿងញៀន ។

ទន្ទឹមនេះដែរ ខ្ញុំសូមឲ្យកីឡាករ កីឡាការិនី ដែលចូលរួមក្នុងការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិទូទាំងប្រទេស និងពានរង្វាន់ Idol លើកទី១ ឆ្នាំ២០២៤ នេះ ត្រូវយកចិត្តទុកដាក់ខិតខំ បញ្ចេញអស់សមត្ថភាពក្នុងការប្រកួត ឈរលើគោលការណ៍លេងដោយយុត្តិធម៌ ឈរលើស្មារតី សាមគ្គីភាព គោរពវិន័យ និងអនុវត្តឱ្យបានល្អប្រសើរនូវបទបញ្ជា នៃការប្រកួត ។ ខ្ញុំស្នើសុំ គណៈកម្មការរៀបចំការប្រកួត ជាពិសេសអាជ្ញាកណ្ដាល ចៅក្រុម សូមមេត្ដាអនុវត្តការងារប្រកួត នេះដោយឈរលើស្មារតីសុក្រិត និងយុត្តិធម៌ផងដែរ ។

ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ក្នុងក្របខ័ណ្ឌ នៃទស្សនវិស័យនេះ និងផ្អែកតាម កម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលដាក់ចេញនូវ យុទ្ធសាស្ត្រ បញ្ចកោណ- ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈ ធានា “ប្រសិទ្ធភាព សមិទ្ធកម្ម” តាមរយៈការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់” និង អភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” (Dynamics of Stakeholder System) ។ ទន្ទឹមនេះ, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ៥ គឺ : “មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតប ទៅនឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃ សេដ្ឋកិច្ច និង សង្គមកម្ពុជា ព្រមទាំងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

Most Popular

To Top