ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះ សហព័ន្ធ កីឡាទាញព្រ័ត្រកម្ពុជា បានរៀបចំវគ្គគ្រូបង្វឹក និងអាជ្ញា កណ្តាលបណ្តុះ បណ្តាលកីឡាទាញព្រ័ត្រ ថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៤ នៅសាលប្រជុំ នៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល ក្នុងឳកាសបើកវគ្គជាផ្លូវការ ដោយមានការអញ្ជើញ ចូលរួម ពីសំណាក់ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធ និង លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា ក្រោមការប្រើប្រាស់ ថវិកាឧបត្ថម្ភ របស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោកបណ្ឌិតមាស សារិន បានមានប្រសាសន៍ថា វគ្គនេះយើងសិក្សា អំពីបទបញ្ហា នៃល្បែងកីឡាទាញ ព្រ័ត្រអន្តរជាតិបទបញ្ហា នៃការប្រកួតកីឡា ក្នុងព្រឹត្តការណ៍ កីឡានីមួយៗ តួនាទី ភារកិច្ចរបស់គ្រូបង្វឹក និងអាជ្ញាកណ្ដាល និងចៅក្រម (បានអនុវត្តផ្ទាល់នៅ លើទីលាន) ដើម្បីជំរុញដល់ ការហ្វឹកហ្វឹនកីឡាករ-កីឡាការិនីឲ្យកាន់តែប្រសើរឡើង ។
យោងតាមផែនការកសាង ធនធានមនុស្សរបស់សហព័ន្ធ កីឡាទាញព្រ័ត្រកម្ពុជា និងជាយថា ការ អនុញ្ញាតជាគោលការណ៍របស់ប្រធាន សហព័ន្ធកីឡាទាញ ព្រ័ត្រកម្ពុជា គណៈកម្មាធិការប្រតិបត្តិ របស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះ ។
វគ្គគ្រូបង្វឹក និងអាជ្ញាកណ្តាលបណ្តុះបណ្តាលកីឡាទាញព្រ័ត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម ចំនួន ៤៣ នាក់ដែលជាគ្រូបង្វឹក និងអាជ្ញាកណ្តាលរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជារួមានខេត្តកណ្តាល រាជធានីភ្នំពេញ និងបណ្តាលខេត្តមួយចំនួន។
លោកប្រធានបានបន្តថា ដើម្បីទទួលបានជ័យជម្នះ ភាគីនីមួយៗ ត្រូវរួមកម្លាំងគ្នា ដោយឥតរាថយ ពួកគេត្រូវសាមគ្គីគ្នា និងប្រើកម្លាំងរួមគ្នាជាធ្លុងមួយ ព្រមទាំងបញ្ចេញសមត្ថភាពឲ្យអស់ពីក្នុងខ្លួន ដើម្បីយកឈ្នះ ហើយល្បែងទាញព្រ័ត្រនេះ គឺមានដំណាលរឿងពីបុរាណខ្មែរយើង នៅក្នុងរឿងកូរសមុទ្រ ទឹកដោះ ។ ជា ពិសេសនោះ គឺកីឡាទាញព្រ័ត្រ ក៏ជាប្រភេទកីឡាអូឡាំពិក នៅក្នុងចន្លោះឆ្នាំ ១៩០០ ដល់ឆ្នាំ១៩២០ គឺត្រូវបានដាក់ក្នុង កម្មវិធីប្រកួតកីឡាអូឡាំពិក បានចំនួន ៥លើកផងដែរ ។
បច្ចុប្បន្ន ល្បែងកីឡាទាញព្រ័ត្រមិនត្រឹមតែជាល្បែងប្រពៃណីនោះទេ ថែមទាំងជាកីឡាទាញព្រ័ត្រ កំពុងតែមានការអភិវឌ្ឍរីកចំរើន និងពេញនិយមផងដែរ ជាក់ស្តែងកន្លងមកនេះក្រុមកីឡាទាញព្រ័ត្រកម្ពុជា ធ្លាប់ទទួលបានមេដាយ លើឆាកអន្តរជាតិផងដែរ។ ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់ បងប្អូនប្រជាពលទាំងអស់ សូម ចូលរួមលេងកីឡា ដើម្បីសុខភាព ជួយលើកកំពស់សុខមាលភាព និងជៀសឆ្ងាយពីគ្រឿងញៀន ៕
ដោយ៖លី ភីលីព